កម្ពុជារៀបចំសប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីលើកដំបូង បញ្ចូលយូណេស្កូ៥ប្រភេទ

កម្ពុជារៀបចំសប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីលើកដំបូង បញ្ចូលយូណេស្កូ៥ប្រភេទ

បេតិកភណ្ឌវប្បធម៌អរូបី

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនិងជាលើកដំបូងក្រោមចំណងជើងថា “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១ ឆ្នាំ២០២៥” នាថ្ងៃសៅរ៍ អាទិត្យ ទី២៩ និងទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ នៅសួនតេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម។

ការរៀបចំព្រឹត្តិការណ៍នេះមកពីខែវិច្ឆិកានេះ មានមរតកវប្បធម៌អរូបីរបស់ខ្មែរចំនួន ៥ ត្រូវបានអង្គការយូណេស្កូបានសម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។ ទាំងនោះរួមមាន៖ របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែក ល្ខោនខោល គុនល្បុក្កតោ និងចាប៉ីដងវែង។

សិល្បៈខ្មែរ

ក្រសួងវប្បធម៌បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះឡើងក្នុងគោលបំណងថែរក្សា អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា ក៏ដូចជាអបអរសាទរមរតកវប្បធម៌អរូបីទាំងប្រាំដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីយូណេស្កូ។

នៅក្នុងកម្មវិធីសប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជា លើកទី១នេះ នឹងមានការបង្ហាញទស្សនីយភាពផ្សេងៗរួមមាន៖ ល្ខោនបុរាណពោលស្រី ល្ខោនខោល ចាប៉ីដងវែង ល្ខោនស្រមោលស្បែក ទស្សនីយភាពរបាំព្រះរាជទ្រព្យ ការសំដែងក្បាច់គុនល្បុក្កតោ និងសកម្មភាពទាញព្រ័ត្រជាដើម។

administrator

Related Articles