ភ្នំពេញ៖ ហេតុការណ៍ចរាចរណ៍ដ៏គ្រោះថ្នាក់បានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ដែលរថយន្តកុងតឺន័រពីរគ្រឿងបុកតកន្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ៧:២៤នាទីព្រឹក នៅពេលដែលរថយន្តកុងតឺន័រដែលនៅខាងមុខជាន់ហ្វ្រាំងបន្ថយល្បឿនដើម្បីឆ្លងផ្លូវ តែរថយន្តកុងតឺន័រខាងក្រោយបើកលឿនពេក ចាប់ហ្វ្រាំងមិនទាន់ ក៏បុកកន្ទុយរថយន្តខាងមុខ។

ជនរងគ្រោះឈ្មោះ ស៊ុក ផាន់ណាក់ អាយុ ៣១ឆ្នាំ ដែលជាតៃកុង បានរងរបួសរយះដៃខាងស្តាំ និងជើងខាងឆ្វេង។ លោកមានទីលំនៅនៅភូមិអង្គទ្វេ ឃុំគ្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែករថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយ៕
