
ខេត្តសៀមរាប – កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ នៅសណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort។

វេទិកានេះមានការចូលរួមពីអ្នកជំនាញ អ្នកផ្សព្វផ្សាយ និងអ្នកវិនិយោគជាង ៣០០នាក់ ដោយមានទស្សនៈរួមគ្នាថា នេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ។

តាមស្ថិតិទេសចរណ៍រយៈពេល១០ខែក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ៤,៨ លាននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជិត១លាននាក់ ដែលនាំមុខគេ។

ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យគ្រប់ភាគីបន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងកាលានុវត្តភាពវិនិយោគ ដោយបញ្ជាក់ថា កម្ពុជាគឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុខសុវត្ថិភាព និងមានភាពទាក់ទាញ។

ក្នុងក្របខ័ណ្ឌនៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» នឹងមានកម្មវិធីសំខាន់ៗជាច្រើននាចុងឆ្នាំ២០២៥ រួមមានព្រឹត្តិការណ៍មហាស្រពតន្ត្រីទេសចរណ៍អន្តរជាតិ និងវេទិកាផ្គូផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជាត្រូវតែត្រៀមលក្ខណសម្បត្តិឱ្យគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន។

