ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថស្រុកបសេដ្ឋ និងខេត្តតាកែវ បានធ្វើការសហការចុះឆែកឆេរផ្ទះជនសង្ស័យម្នាក់ នៅភូមិត្មាតលេង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ការប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង ៦:៥០ ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

ក្រោយពេលធ្វើការឆែកឆេរ កម្លាំងជំនាញបានដកហូតវត្ថុតាងដ៏សំខាន់ៗ រួមមាន៖ រថយន្តស៊េរីទំនើបចំនួន០២គ្រឿង កាំភ្លើងខ្លីម៉ាក់ឡុកចំនួន០២ដើម បង់ចំនួន០៣ គ្រាប់ចំនួន១៨១គ្រាប់ ម៉ូតូចំនួន០១គ្រឿង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៣កញ្ចប់ធំ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យឈ្មោះ សែម រក្សា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ បានរត់គេចខ្លួនបាត់ទៅហើយ។ វត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនទៅកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។
