វ៉េណេស៊ុយអេឡាបានថ្កោលទោសលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ទី២៩ខែវិច្ឆិកាឆ្នាំ២០២៥ បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះបានជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍នានាចាត់ទុកដែនអាកាសរបស់វ៉េណេស៊ុយអេឡាថាជាដែនអាកាស«បិទ» ដោយហៅការលើកឡើងនេះថាជាអំពើឈ្លានពាន «បែបអាណានិគម» និង «ខុសច្បាប់»។

យោងតាម BBC សាររបស់លោកត្រាំនៅលើបណ្តាញសង្គម Truth Social បានកើតឡើងចំពេលដែលមានការពង្រឹងកម្លាំងយោធាអាមេរិកយ៉ាងសំខាន់នៅក្នុងតំបន់ការីប៊ីន រួមទាំងការដាក់ពង្រាយនាវា USS Gerald Ford និងកងទ័ពប្រហែល១៥០០០នាក់។ ក្រុងវ៉ាស៊ីនតោននិយាយថា បេសកកម្មនេះមានគោលដៅប្រឆាំងការជួញដូរគ្រឿងញៀន ខណៈក្រុងការ៉ាកាសលើកឡើងថា នេះគឺជាលេសដើម្បីផ្តួលរំលំប្រធានាធិបតី Nicolás Maduro។
ប្រទេសវ៉េណេស៊ុយអេឡាបានអះអាងថា សហរដ្ឋអាមេរិកគ្មានសិទ្ធិអំណាចក្នុងការបិទដែនអាកាសរបស់ប្រទេសផ្សេងទេ ហើយបានចោទប្រកាន់វ៉ាស៊ីនតោនថាបានបង្កើនភាពតានតឹង បន្ទាប់ពីទីភ្នាក់ងាររដ្ឋបាលអាកាសចរណ៍សហព័ន្ធ បានព្រមានអំពីសកម្មភាពយោធាកើនឡើងនៅជុំវិញប្រទេសនេះ។
លោកត្រាំ បានបង្ហើបថា ប្រតិបត្តិការរបស់អាមេរិក «តាមផ្លូវគោក» នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ កងកម្លាំងអាមេរិកប្រាប់ថា ពួកគេបានវាយប្រហារទូកយ៉ាងតិច២១គ្រឿងដែលត្រូវបានគេអះអាងថាដឹកគ្រឿងញៀន ដោយសម្លាប់មនុស្សជាង៨០នាក់ ទោះបីជាគ្មានភស្តុតាងណាមួយត្រូវបានបញ្ចេញក៏ដោយ។
ជម្លោះនេះកើតឡើង ខណៈដែលទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់ថា ក្រុមភេរវករគ្រឿងញៀន «Cartel de los Soles» ត្រូវបានដឹកនាំដោយលោក Maduro និងមន្ត្រីកំពូលរបស់លោក ដែលជាការអះអាងមួយដែលវ៉េណេស៊ុយអេឡាបាន«ច្រានចោលយ៉ាងដាច់អហង្ការ»៕
