
ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើប្រតិបត្តិការឆ្មក់ឡោមព័ទ្ធភោជនីយដ្ឋានយីហោ «ផ្ទះអូន» នៅខណ្ឌដង្កោ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាង ១០០នាក់ ដែលភាគច្រើនជានារីអនីតិជន។

ប្រតិបត្តិការនេះបានធ្វើឡើងនៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទី នៅភោជនីយដ្ឋាន «ផ្ទះអូន» ដែលស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមការបញ្ជាក់ពីមន្ត្រីនគរបាលជំនាញ ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងនេះមានលួចបង្កប់សេវាកម្មផ្លូវភេទ។ កម្លាំងនគរបាលបានស្រាវជ្រាវយ៉ាងជាក់លាក់អស់ជាច្រើនថ្ងៃមុនពេលចុះឆ្មក់។

ក្នុងចំណោមអ្នកត្រូវឃាត់ខ្លួន ភាគច្រើនជានារីអនីតិជនដែលមានអាយុក្រោម ១៨ឆ្នាំ។ ចំពោះអ្នកដែលមិនពាក់ព័ន្ធ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

បច្ចុប្បន្ន មនុស្សប្រុសស្រីទាំងអស់ត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរតាមនីតិវិធីច្បាប់។ ការស៊ើបអង្កេតនៅតែបន្តដើម្បីរកអ្នកទទួលខុសត្រូវចំពោះបទល្មើសនេះ។
