ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្រកាសថា ករណីជនជាតិចិនម្នាក់រងរបួសដាច់ជើងម្ខាងដោយផ្ទុះមីន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់ចម្ការមីនកម្ពុជា គឺជាចម្ការមីនចាស់សំណល់សង្គ្រាម។

លោកបញ្ជាក់ថា តំបន់នេះមានភស្តុតាងច្បាស់លាស់ រួមមានប្រភេទគ្រាប់មីន ទំនប់ជីក លេណដ្ឋានកងទ័ព របងបន្លាលួសចាស់ និងជាព្រៃក្រាស់។ ការដាក់គ្រាប់មីនបានកើតឡើងតាំងពីទសវត្សរ៍១៩៨០ ដល់ដើមទសវត្សរ៍១៩៩០។

ក្រោយឧបទ្ទវហេតុ ភាគីថៃបានលាបពណ៌កម្ពុជាថា ជនជាតិចិនលួចឆ្លងដែនពីកម្ពុជាទៅថៃ និងចោទប្រកាន់ថា កម្ពុជាមិនសហកាដោះមីនតាមបណ្តោយព្រំដែន។

លោកហេង រតនា បានរំលឹកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកាលពីទសវត្សរ៍១៩៨០ ដែលទាហ៊ានថៃបានដឹកជនភៀសខ្លួនកម្ពុជាចំនួនជាង៤៣,០០០នាក់ មកចាក់ចោលនៅតំបន់ភ្នំខ្មោច ដោយបង្ខំឱ្យដើរឆ្លងកាត់ចម្ការមីនមកកម្ពុជាវិញ។

លោកបញ្ជាក់ថា នេះជារឿងរ៉ាវប្រវត្តិសាស្ត្រដែលត្រូវរំលឹកចងចាំ និងមិនអាចបំភ្លេចបាន។
