ព្យុះកូតូធ្វើឱ្យកម្ពុជាទទួលរងឥទ្ធិពល៣០% ខ្យល់បក់ពីទិសឦសាន

ព្យុះកូតូធ្វើឱ្យកម្ពុជាទទួលរងឥទ្ធិពល៣០% ខ្យល់បក់ពីទិសឦសាន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថា ព្យុះទី២៧ឈ្មោះ កូតូ (Koto) T2527 កំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

ព្យុះកូតូ

ក្រសួងធនធានទឹកបានបញ្ជាក់ថា កម្ពុជាស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះកូតូ នេះ ទទួលរងឥទ្ធិពលកម្រិត៣០%។ ស្ថានភាពនេះនឹងបន្តពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។

តំបន់វាលទំនាបនឹងមានសីតុណ្ហភាពពី២០°C ទៅ២៩°C ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី និងមានខ្យល់កន្ត្រាក់។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

អាកាសធាតុ

តំបន់ខ្ពង់រាបមានសីតុណ្ហភាពពី១៧°C ទៅ២៨°C ខ្យល់បក់មកពីទិសឦសាន និងទិសឧត្តរមានល្បឿនមធ្យម៦ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ក៏ពុំមានភ្លៀងធ្លាក់ដែរ។

តំបន់មាត់សមុទ្រមានសីតុណ្ហភាពពី២០°C ទៅ៣០°C ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។ រលកសមុទ្រមានកម្ពស់ពី០,៥០ម៉ែត្រ ទៅ១,៥០ម៉ែត្រ៕

ដោយ៖ តារា

administrator

Related Articles