(ភ្នំពេញ)៖ យោងតាមមន្ត្រីពីព្រំដែន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោងប្រមាណ៣:២០នាទីទៀបភ្លឺ នៅក្នុងតំបន់ចន្លោះបង្គោលសីមាលេខ ៤៨ និង៤៩ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានករណីជនជាតិចិនម្នាក់ ភេទប្រុស លួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា និងត្រូវបានជាន់គ្រាប់មីនសំណល់ពីសង្គ្រាម បណ្តាលឱ្យដាច់ប្រអប់ជើងខាងឆ្វេង។

តាមមន្ត្រីដដែល កងកម្លាំងកម្ពុជាឈរជើងការពារភូមិសាស្ត្រនេះបានចេញទៅជួយសង្គ្រោះដែរ ប៉ុន្តែត្រូវបានទាហ៊ានថៃអន្តរាគមន៍ចូលដល់មុន ព្រោះខាងកងទ័ពកម្ពុជាត្រូវបោសសម្អាតមីនបើកផ្លូវប្រមាណជាង២០០ម៉ែត្រទើបទៅដល់កន្លែងផ្ទុះ។ អ្វីដែលគួរកត់សំគាល់នោះ តំបន់ចម្ការមីននេះ ត្រូវបានក្រុមការងារអង្គភាព CMAC និង TMAC ក្នុងនាមសេនាធិការឱ្យក្រុមការងារ JCTF បានចុះទៅសិក្សាវាយតម្លៃកាលពីថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ និងបន្តប្រជុំពិភាក្សាកំណត់ប្លង់ចម្ការមីននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជាមួយគ្នានេះ តាមមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ជនជាតិចិនឈ្មោះ SHI JINGUI កាន់លិខិតឆ្លងដែនលេខ 2356975263 ដែលអាជ្ញាធរថៃបានផ្សាយថាជាជនរងគ្រោះក្នុងឧបទ្ទវហេតុជាន់មីននោះ ពុំមានឈ្មោះក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជា របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយ។
