ភ្នំពេញ – លោក Andrey Yermak ជំនិតជិតស្និទ្ធរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលាលែងពីតំណែងនាយសេនាធិការក្រោយអាជ្ញាធរប្រឆាំងអំពើពុករលួយឆ្មក់ចូលឆែកឆេរផ្ទះរបស់គាត់។

ការលាលែងនេះកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអាជ្ញាធរប្រឆាំងអំពើពុករលួយអ៊ុយក្រែនធ្វើប្រតិបត្តិការឆ្មក់ចូលផ្ទះលោក Yermak ក្នុងគោលបំណងកម្ចាត់ការលាងលុយកខ្វក់។
ការឆ្មក់ចូលផ្ទះលោក Yermak ត្រូវបានភ្ជាប់ទៅនឹងការស៊ើបអង្កេតលើគ្រោងការណ៍អំពើពុករលួយចំនួន ១០០ លានដុល្លារ ដែលត្រូវបានប្រកាសដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយអ៊ុយក្រែន (NABU) និងការិយាល័យរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយពិសេស (SAPO) កាលពីដើមខែនេះ។
អាជ្ញាធរដាក់ការសង្ស័យថា ក្រុមឧក្រិដ្ឋកម្មមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយផ្ទៃក្នុងលោក ហ្សេលេនស្គី ហើយត្រូវបានដឹកនាំដោយលោក Timur Mindich ដែលជាអតីតដៃគូអាជីវកម្មរបស់មេដឹកនាំអ៊ុយក្រែន។
គេសង្ស័យទៀតថា ក្រុមនេះបានបង្វែរមូលនិធិចេញពីក្រុមហ៊ុនប្រតិបត្តិការថាមពលនុយក្លេអ៊ែររបស់រដ្ឋគឺ Energoatom ដែលពឹងផ្អែកយ៉ាងខ្លាំងលើជំនួយពីលោកខាងលិច។
លោក Yermak ត្រូវបានមើលឃើញថាជាបុរសមានអំណាចទីពីររបស់អ៊ុយក្រែន និងបានដឹកនាំគណៈប្រតិភូអ៊ុយក្រែនក្នុងអំឡុងពេលកិច្ចពិភាក្សាថ្មីៗនេះនៅទីក្រុងហ្សឺណែវ ជាមួយសហរដ្ឋអាមេរិកជុំវិញសង្រ្គាមជាមួយរុស្ស៊ី។
