ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ បានចាប់ខ្លួនយុវជនម្នាក់ដែលបានបង្ហោះវីដេអូកាន់ដាវគំរាមគ្នាតាមបណ្ដាញសង្គម។

លោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានបញ្ជាឲ្យផ្នែកព្រហ្មទណ្ឌ និងសន្ដិសុខសហការ ស្រាវជ្រាវលើករណីនេះ។

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងបានស្រាវជ្រាវរកឃើញ សុផល វាសនា អាយុ២០ឆ្នាំ ដែលជាម្ចាស់គណនីហ្វេសប៊ុក Djz Fong បានធ្វើសកម្មភាពបង្ហោះម៉ូតូនៅលើផ្លូវបេតុង និងកាន់ដាវ១ដើម។

ប្រតិបត្ដិការខាងលើសមត្ថកិច្ចដកហូតបានដាវ១ដើម និងម៉ូតូ១គ្រឿងម៉ាក CRF។ ជននេះបានសារភាពថា មូលហេតុដែលរូបគេថតកាន់ដាវរួចបង្ហោះនោះ គឺដើម្បីគំរាមទៅអ្នកដែលធ្វើការនៅក្នុងរោងចក្រជាមួយគ្នា ឱ្យប្រយ័ត្នខ្លួន ក្រោយពីបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរបស់ខ្លួន។

បច្ចុប្បន្នជននេះត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីបន្ដនីតិវិធី៕
