
មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានព្រមានថា ការបោះឆ្នោតមីយ៉ាន់ម៉ានាចុងខែធ្នូកំពុងប្រព្រឹត្តទៅក្រោមបរិយាកាសភ័យខ្លាច អំពើហិង្សា និងការគាបសង្កត់នយោបាយយ៉ាងធ្ងន់ធ្ងរ។
លោក Jeremy Laurence អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានលើកឡើងថា ការបោះឆ្នោតដែលរំពឹងចាប់ផ្តើមនៅថ្ងៃទី២៨ធ្នូ កំពុងប្រព្រឹត្តទៅក្រោមការគ្រប់គ្រងយោធា ការគំរាមកំហែង និងការបង្ក្រាបជាប្រព័ន្ធ។

លោកបានបញ្ជាក់ថា គណបក្សនយោបាយសំខាន់ៗត្រូវបានហាមឃាត់មិនឲ្យចូលរួម ហើយមនុស្សជាង៣០០០០នាក់ដែលជាគូប្រជែងនយោបាយនៅតែស្ថិតក្នុងការឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១មក។
ស្នងការជាន់ខ្ពស់សិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Türk បានព្រមានថា ការបោះឆ្នោតនេះគ្រាន់តែធ្វើឲ្យអសន្តិសុខ ការភ័យខ្លាច និងការបែកបាក់គ្នាកើនឡើងប៉ុណ្ណោះ។
