រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចាប់ផ្ដើមយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីកម្ទេចអណ្តូងរ៉ែមាសខុសច្បាប់ប្រហែល ១,៤០០ ទីតាំង នៅក្នុងតំបន់ឧទ្យានជាតិ Mount Halimun Salak ក្នុងស្រុក Sukabumi ខេត្ត West Java។

លោក Rudianto Saragih Napitu នាយកនៃក្រសួងព្រៃឈើឥណ្ឌូណេស៊ីសម្រាប់ការអនុវត្តបទល្មើសព្រៃឈើ បានបញ្ជាក់ថា សកម្មភាពរុករករ៉ែខុសច្បាប់នេះផ្ដល់ផលប្រយោជន៍សម្រាប់តែអ្នកវិនិយោគប៉ុណ្ណោះ មិនមែនសម្រាប់ប្រជាជនក្នុងស្រុកដែលធ្វើការក្នុងអណ្តូងរ៉ែនោះទេ។ លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងគាំទ្រភាពជាដៃគូវិជ្ជមាន ប៉ុន្ដែមិនមែនជាការបំផ្លាញ និងការកេងប្រវ័ញ្ចធម្មជាតិនោះទេ។
ការជីកយករ៉ែមាសខុសច្បាប់ជាបញ្ហាធម្មតានៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលបណ្ដាលឱ្យមានការកាប់បំផ្លាញព្រៃឈើ ការបំពុលទន្លេ និងការបាត់បង់ធនធានជាតិ។ ចំណុចក្ដៅសម្រាប់ការជីកយករ៉ែមាសខុសច្បាប់ត្រូវបានប្រមូលផ្ដុំនៅ Jambi, West Sumatra, West Kalimantan, Central Sulawesi តំបន់មួយចំនួននៅ Maluku និងឧទ្យានជាតិមួយចំនួនដូចជា Halimun Salak ជាដើម។
