រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីជាមួយលោកស្រី Bernice Seow លេខាទី១ នៃស្ថានទូតសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីបិទទិវាស្វែងយល់ពីខ្លួនឯង ឆ្នាំ២០២៥ (Self-Awareness Festival 2025) នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

វេទិកានេះផ្តល់ឱកាសក្នុងការស្វែងយល់ពីសារៈសំខាន់នៃការយល់ដឹងអំពីខ្លួនឯងក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត និងការគ្រប់គ្រងអារម្មណ៍ រួមទាំងពង្រឹងជំនាញទន់ (Soft Skills) ដែលជួយដល់ទំនាក់ទំនងរវាងបុគ្គល ការគាំទ្រគ្នាទៅវិញទៅមក និងផ្នត់គំនិតវិជ្ជមាន។

ទន្ទឹមនេះ ក៏ជាការស្វែងយល់ពីវិធីសាស្ត្រកសាងភាពធន់ និងត្រៀមខ្លួនសម្រាប់ទីផ្សារការងារ ក្នុងយុគសម័យឌីជីថល ដោយគិតគូរពីសារៈសំខាន់នៃតម្លៃមនុស្ស។

ថ្លែងនៅក្នុងកម្មវិធីនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះការបង្កើតជាវេទិកាដ៏មានសារៈសំខាន់នេះឡើង ដែលរៀបចំដោយ Growthbeans Singapore និង Growth Collective Cambodia សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និង HRINC Cambodia ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់។

បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តដល់យុវជនបន្តខិតខំអភិវឌ្ឍខ្លួនឱ្យតាមទាន់សម័យបច្ចេកវិទ្យា AI។ ឯកឧត្តមបានបព្ជាក់ពីចំណុចសំខាន់ៗចំនួន៣ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការផ្តល់នូវសេវាគាំទ្រ។
