បេក្ខជនប្រឡងមន្ត្រីរាជការចិនកើនជិត៤លាននាក់ ការប្រកួតប្រជែងខ្លាំងបំផុតមិនធ្លាប់មាន

បេក្ខជនប្រឡងមន្ត្រីរាជការចិនកើនជិត៤លាននាក់ ការប្រកួតប្រជែងខ្លាំងបំផុតមិនធ្លាប់មាន

ប្រទេសចិន៖ ចំនួនបេក្ខជនចូលរួមប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលក្នុងប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន ដោយមានបេក្ខជនប្រហែល៣,៧លាននាក់ចុះឈ្មោះចូលរួមការប្រឡងនៅថ្ងៃទី២៩និងថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៥។

បេក្ខជនប្រឡងមន្ត្រីរាជការចិន

ការប្រឡងមន្ត្រីរាជការនៅឆ្នាំនេះជាការប្រឡងលើកដំបូងដែលធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចិនបានដំឡើងអាយុសម្រាប់បេក្ខជនផងដែរ។ អាយុសម្រាប់បេក្ខជនទាំងអស់បានដំឡើងពី៣៥ដល់៣៨ឆ្នាំ។ ចំណែកបេក្ខជនមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អាយុត្រូវបានដំឡើងដល់៤៣ឆ្នាំ។

បេក្ខជនរាប់លាននាក់ត្រូវប្រកួតប្រជែងនៅក្នុងការប្រឡងដ៏ពិបាក ខណៈដែលរដ្ឋាភិបាលចិនបានផ្តល់កូតាជ្រើសរើសមន្ត្រីរាជការត្រឹមតែ៣៨,១០០នាក់ប៉ុណ្ណោះនៅទូទាំងប្រទេស។ ដូច្នេះជាមធ្យម បេក្ខជន៩៧នាក់នឹងត្រូវប្រកួតប្រជែងសម្រាប់មុខតំណែងការងារនីមួយៗ។

តាមទិន្នន័យដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយចិន មុខតំណែងដែលបេក្ខជនចង់បានបំផុតគឺមន្ត្រីអន្តោប្រវេសន៍នៅទីក្រុងរួយលីនៅភាគខាងលិចខេត្តយូណាន។ តំណែងនេះត្រូវការមន្ត្រីតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែបេក្ខជនដាក់ពាក្យមានរហូតដល់៦,៤៧០នាក់។

ការកើនចំនួនបេក្ខជនប្រឡងមន្ត្រីរាជការក្នុងប្រទេសចិននេះឆ្លុះបញ្ចាំងពីការគិតថ្មីរបស់កម្មករចិនដែលស្វែងរកការងាររដ្ឋដោយសង្ឃឹមថានឹងមានស្ថិរភាព។

administrator

Related Articles