តាមការផ្សាយរបស់ Khaosod អ្នកខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃកំពុងខឹងសម្បារដ្ឋាភិបាលយ៉ាងខ្លាំង ដោយចោទថារដ្ឋព្យាយាមលាក់បាំងតួលេខមនុស្សស្លាប់នៅក្រុង Hat Yai ខណៈមនុស្សស្លាប់គិតត្រឹមថ្ងៃសុក្រគឺមាន ១៤៥នាក់។

កាលពីថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ ក្រសួងសុខាភិបាលសាធារណៈថៃបានបង្ហោះ Facebook អំពីការបញ្ជូនថង់ដាក់សពចំនួន៤០០ថង់ទៅកាន់ទីក្រុង Hat Yai និងថែមបញ្ជាក់ថា ថង់ចំនួន ១៥០០ទៀតនឹងត្រូវបញ្ជូនទៅនាថ្ងៃស្អែក។

យ៉ាងណាមិនដឹងមានរឿងអ្វីឡើយ ស្រាប់តែក្រសួងលុប Post នោះចេញវិញ ធ្វើឲ្យពលរដ្ឋខឹងចិត្ត និងបន្ទោសខ្លាំងៗថា រដ្ឋាភិបាលកំពុងបិទបាំងការពិតអំពីសោកនាដកម្មនៅ Hat Yai។

ជុំវិញរឿងនេះដែរ អ្នកជំនាញថៃបានព្រមានរួចទៅហើយថា តួលេខជាក់ស្តែងនៃអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏សាហាវបំផុតនៅ Songkhla ក្នុងប្រវត្តិសាស្រ្ត៣០០ឆ្នាំ គឺមិនក្រោម៥០០នាក់នោះទេ។
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ខេត្ត Songkhla មានច្រើនជាងគេ ពោលគឺ១១០នាក់ បន្ទាប់មកគឺ Nakhon Si Thammarat ៩នាក់, Pattani ៦នាក់, Satun ៥នាក់, Yala ៥នាក់, Phatthalung ៤នាក់, Narathiwat ៤នាក់ និង Trang ២នាក់៕
