ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូ HONDA Dream មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តដឹកទំនិញកំពុងតែឈប់ឲ្យរថភ្លើងបើកឆ្លងកាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវលាម៉ោង១:២០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចក្បែផ្លូវរថភ្លើងអូរដឹម ក្នុងសង្កាត់ចោមចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកទំនិញធន់ធំមួយគ្រឿងពាក់ស្លាកលេខ ត្បូង ឃ្មុំ 3A-0547 បានឈប់នៅលើដងផ្លូវជាតិលេខ៤ដើម្បីឲ្យរថភ្លើងបើកឆ្លងកាត់។

ភ្លាមនោះដែរ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AM-1346 ជិះដោយបុរសរងគ្រោះម្នាក់ ធ្វើដំណើរមកពីក្រោយតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ទៅបុកផ្ទប់ពីក្រោយរថយន្តយ៉ាងពេញទំហឹង បណ្ដាលឱ្យបុរសជាម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។

ចំណែកឯម្ចាស់រថយន្តវិញក៏បានបើកទ្វារគេចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេត្តប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
