ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពិធីដ៏ពិសេសមួយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សពូកែវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស។

ក្នុងឆ្នាំ២០២៥នេះ មានសិស្សចំនួន១១នាក់ដែលបានប្រលងជាប់និទ្ទេស A និង B ដោយសិស្សនិទ្ទេស A ឈ្មោះ ជឿន សំណាង ទទួលបានម៉ូតូហុងដា វ៉េវ១១០ ស៊ែរីឆ្នាំ២០២៥ និងថវិកា២០ម៉ឺនរៀល ខណៈសិស្សនិទ្ទេស B ចំនួន១០នាក់ ម្នាក់ៗទទួលបានកុំព្យូទ័រយួរដៃ និងថវិកា២០ម៉ឺនរៀល។

ឯកឧត្តម រ័ត្ន ស្រ៊ាង បានសម្តែងការអបអរសាទរចំពោះលទ្ធផលសិក្សាដ៏ល្អរបស់សិស្ស និងថ្លែងអំណរគុណដល់លោកនាយក គ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស ដែលបានចូលរួមសហការគ្នាយ៉ាងល្អក្នុងការអប់រំបណ្តុះបណ្តាលកូនក្មួយ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានក្រុមការងារ គណៈប្រតិភូ ក្រុមការងារភូមិ-សង្កាត់ យុវជនសង្កាត់ លោកនាយក-នាយករងវិទ្យាល័យ និងមាតា-បិតាអាណាព្យាបាលសិស្សជាច្រើននាក់។

ចាប់តាំងពីឆ្នាំ២០១៣ ឯកឧត្តម រ័ត្ន ស្រ៊ាង បានចុះជួយការងារមូលដ្ឋានក្នុងសង្កាត់ព្រែកកំពឹស ហើយបានបន្តផ្តល់ជំនួយផ្នែកអប់រំ សុខភាព និងសង្គមកិច្ចដល់ប្រជាពលរដ្ឋក្នុងតំបន់ជាប្រចាំ។

