ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់បានបើករថយន្តម៉ាក Range Rover ពណ៌សឆ្លងស្តុបក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក Ford Ranger ដែលកំពុងឆ្លងស្តុបដូចគ្នា។

ការបុកគ្នានេះបានបណ្ដាលឲ្យរថយន្ត Ford Ranger ក្រឡាប់បោកខ្ទប់នឹងបង្គោលភ្លើង ធ្វើឲ្យមនុស្សពីរនាក់រងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង ៤:១០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចស្តុបក្តាន់ពីរ នៅលើផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត Ford Ranger លេខភ្នំពេញ 2B-7799 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងមនុស្សប្រុសស្រីបួននាក់ទៀត កំពុងធ្វើដំណើរចេញពីផ្លូវតំបន់បឹងកក់ទិសដៅពីជើងទៅត្បូង។

ខណៈពេលបើកឆ្លងស្តុបផ្លូវបំបែកជាបួន រថយន្ត Range Rover ពណ៌សលេខភ្នំពេញ 2AJ-8577 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្ត Ford Ranger ចំពាក់កណ្ដាលជំហៀងខាងឆ្វេងពេញទំហឹង។

ការបុកគ្នាបានបណ្ដាលឲ្យរថយន្ត Ford Ranger ក្រឡាប់បោកផ្ទប់និងបង្គោលភ្លើង ធ្វើឲ្យផ្ងារជើង និងរងរបួសបុរស២នាក់។ ចំណែកម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បាន។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំភាគីសុខកាងដោះស្រាយគ្នានៅពេលក្រោយ។

ដោយ ៖ ភារ៉ា ដង្កោ
