
(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា កងទ័ពអាកាសនឹងត្រូវបំពាក់ដោយបរិក្ខារយោធាយុទ្ធសាស្រ្តថ្មីៗ ក្នុងពិធីអបអរខួបទី៨០ នៃកងទ័ពអាកាស។

ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា លោក គីម បានធ្វើសេចក្តីប្រកាសនេះអំឡុងពិធីដែលមានកូនស្រីលោក Ju Ae ចូលរួម ដែលត្រូវបានមើលឃើញថាអាចក្លាយជាអ្នកបន្តវេនស្នងតំណែង។
លោក គីម បានបញ្ជាក់ថា «កងទ័ពអាកាស នឹងត្រូវផ្តល់នូវបរិក្ខារយោធាយុទ្ធសាស្រ្តថ្មីៗ ព្រមទាំងភារកិច្ចសំខាន់ថ្មីមួយ» ប៉ុន្តែមិនបានបកស្រាយលម្អិតបន្ថែមទេ។

ក្នុងពេលជាមួយគ្នានេះ កូរ៉េខាងជើងមិនបានឆ្លើយតបទៅនឹងសំណើរបស់កូរ៉េខាងត្បូង ដែលចង់បើកកិច្ចពិភាក្សាដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាផ្នែកយោធានៅតាមព្រំដែន។ ទីក្រុងសេអ៊ូលបានស្នើឱ្យរៀបចំកិច្ចពិភាក្សាយោធា បន្ទាប់ពីមានករណីបំពានចូលដោយទាហានកូរ៉េខាងជើង។
