ថៃ៖ ស្ថានភាពទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បន្តធ្ងន់ធ្ងរឡើងជាលំដាប់ ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៧០នាក់ និងមានអ្នករងរបួសចំនួន ១០២នាក់ទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នាយប់ថ្ងៃអាទិត្យទី៣០ ខែធ្នូ។

ប្រភពព័ត៌មានបានរាយការណ៍ថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះមិនត្រឹមតែបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិតប៉ុណ្ណោះទេ ថែមទាំងបានប៉ះពាល់ដល់ពលរដ្ឋថៃសរុបជាង ១,៩លាននាក់ ដោយក្នុងនោះមានប្រមាណជា ៥,០០០នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនពីលំនៅដ្ឋានរបស់ពួកគេ។
រដ្ឋាភិបាលថៃបានចាត់វិធានការជួយសង្គ្រោះជាបន្ទាន់ ដោយកាលពីសប្តាហ៍មុនបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២លានបាត (ស្មើនឹង ៦២,០០០ដុល្លារអាមេរិក) ទៅកាន់ក្រុមគ្រួសារដែលមានសមាជិកបានស្លាប់ដោយសារទឹកជំនន់ ដើម្បីយកទៅរៀបចំពិធីបុណ្យសព។

ស្ថានភាពទឹកជំនន់នៅតែធ្ងន់ធ្ងរនៅតំបន់ភាគខាងត្បូង ដោយអាជ្ញាធរមានសមត្ថកិច្ចនៅតែបន្តធ្វើប្រតិបត្តិការសង្គ្រោះ និងជួយជម្លៀសប្រជាពលរដ្ឋដែលស្ថិតក្នុងគ្រោះថ្នាក់។ ការព្យាបាលរបួស និងការផ្តល់ជំនួយផ្នែកមនុស្សធម៌នៅតែបន្តដំណើរការជាបន្ទាន់។
