រាជធានីភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ អំពីការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការសម្រេចចិត្តនេះមានគោលបំណងដាក់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញផលិតផលក្នុងស្រុកដែលជាអាហារមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញផលិតក្នុងស្រុកដែលជាអាហារជាមូលដ្ឋាន ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។ អាហារជាមូលដ្ឋានសំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួនដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចខាងក្រោម៖
១. សាច់សត្វចិញ្ចឹម ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។
២. ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃ។
៣. ត្រីទឹកសាប ឬទឹកប្រៃគ្រប់ប្រភេទ រួមទាំងបង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ។
៤. ស្ករគ្រប់ប្រភេទដែលមិនមានលក្ខណៈជាស្ករគ្រាប់។
៥. អំបិលគ្រប់ប្រភេទ។
៦. ទឹកត្រី ឬទឹកស៊ីអីវគ្រប់ប្រភេទ។

អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ក្នុងស្រុកនូវអាហារជាមូលដ្ឋានដូចមានចែងក្នុងប្រកាសនេះ ត្រូវបានចាត់ជាបន្ទុករបស់រដ្ឋរហូតដល់ដំណាច់ឆ្នាំ២០២៨។ ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមក្នុងប្រការនេះ មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ។
អត្ថបទសរសេរដោយ សហការី
កែសម្រួលដោយ កៀន សុឃាក់
