ក្មេងទំនើងខេត្តកំពង់ស្ពឺឃាត់ខ្លួន ក្រោយបង្ហោះវីដេអូកាន់ដាវបើកម៉ូតូលើបណ្ដាញសង្គម

ក្មេងទំនើងខេត្តកំពង់ស្ពឺឃាត់ខ្លួន ក្រោយបង្ហោះវីដេអូកាន់ដាវបើកម៉ូតូលើបណ្ដាញសង្គម

កំពង់ស្ពឺ – សមត្ថកិច្ចនគរបាលស្រុកសាមគ្គីមុនីជ័យបានឃាត់ខ្លួនក្មេងទំនើងអាយុ ២០ ឆ្នាំ ក្រោយបង្ហោះវីដេអូកាន់ដាវបើកម៉ូតូលើបណ្ដាញសង្គម ដែលធ្វើឲ្យសាធារណជនភ័យខ្លាច។

រូបភាពដាវដែលត្រូវបានដកហូត

អ្នកសម្បាក់មានឈ្មោះ សុផល វាសនា អាយុ ២០ ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ដែលជាម្ចាស់គណនី Facebook “Djz Fong” ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងវីដេអូដែលបានបង្ហោះ អ្នកសង្ស័យបានបើកម៉ូតូលើផ្លូវបេតុងក្នុងភូមិត្រពាំងល្ពាក់ ខណៈដៃម្ខាងកាន់ដាវមួយដើម ហើយបានបង្ហោះក្នុង Story នៅលើបណ្ដាញសង្គម។

ម៉ូតូ CRF ដែលត្រូវបានដកហូត

កម្លាំងនគរបាលបានដកហូតរក្សាទុកជាសក្ខីភាព ដាវ ១ ដើម និងម៉ូតូ CRF ១ គ្រឿង។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានបញ្ជាក់ថា សកម្មភាពនេះមានគោលបំណងគំរាមបុរសម្នាក់ដែលធ្វើការជាមួយគេក្នុងរោងចក្រ បន្ទាប់ពីមានការឈ្លោះប៉ះទង្គិចជាមួយប្រពន្ធរបស់គេ។

លោក នាយរងនគរបាលស្រុកសាមគ្គីមុនីជ័យ បានឲ្យដឹងថា៖ “ការបង្ហោះវីដេអូបែបនេះមិនត្រឹមតែគំរាមកំហែងអ្នកដទៃប៉ុណ្ណោះទេ ថែមទាំងបង្កគ្រោះថ្នាក់ដល់សន្តិសុខសាធារណៈ និងធ្វើឲ្យសាធារណជនភ័យខ្លាច។”

កន្លែងកើតហេតុ

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីបន្តនីតិវិធីតាមច្បាប់។ សមត្ថកិច្ចបន្តព្រមានថា ការប្រើប្រាស់បណ្ដាញសង្គមដើម្បីគំរាមកំហែង ឬបង្កគ្រោះថ្នាក់ដល់សន្តិសុខសាធារណៈ នឹងត្រូវចាត់ទុកជាបទឧក្រិដ្ឋ និងត្រូវដាក់ទណ្ឌកម្មតាមច្បាប់។

សកម្មភាពនគរបាល

អ្នកដឹកនាំនគរបាលខេត្តកំពង់ស្ពឺបានអំពាវនាវដល់សាធារណជនឱ្យរួមគ្នាតាមដាន និងរាយការណ៍ពីសកម្មភាពប្រកាសគំរាមកំហែងលើបណ្ដាញសង្គម ដើម្បីរក្សាសន្តិសុខសាធារណៈ និងការពារសង្គមពីអំពើឧក្រិដ្ឋ។

ដោយ៖ ជ្រោយពេជ្រ

administrator

Related Articles