ហ្វីយ៉ាតា បង្ហាញហេតុផលពិសេសក្រោយការជ្រើសរើសឈុតចាប៉ីដងវែងនៅ Miss Universe 2025

ហ្វីយ៉ាតា បង្ហាញហេតុផលពិសេសក្រោយការជ្រើសរើសឈុតចាប៉ីដងវែងនៅ Miss Universe 2025

រាជធានីភ្នំពេញ៖ ក្រោយពីការប្រកួត Miss Universe 2025 បានបញ្ចប់ ស្ត្រីស្រស់ខ្មែរ ហ្វីយ៉ាតា បានបើកធ្វើការបង្ហាញពីហេតុផលពិសេសដែលនាងបានសម្រេចចិត្តជ្រើសរើសឈុតតំណាងជាតិ (national costume) ដោយភ្ជាប់ជាមួយចាប៉ីដងវែង ដើម្បីលើកយកទៅបង្ហាញនិងប្រកួតនៅលើឆាកអន្តរជាតិ។

ហ្វីយ៉ាតា ជាមួយឈុតចាប៉ីដងវែង

ហេតុផលដ៏ពិសេសនេះត្រូវបានហ្វីយ៉ាតា បញ្ជាក់ថា ដោយឆ្នាំដែលនាងចូលប្រកួតនេះ គឺជាឆ្នាំទី៩របស់កម្មវិធីនេះ ហើយវាក៏ជាខួបទី៩ឆ្នាំដែលចាប៉ីដងវែងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ចាប៉ីដងវែងបេតិកភណ្ឌវប្បធម៌

ការបើកធ្វើការបង្ហាញហេតុផលរបស់ហ្វីយ៉ាតានាពេលនេះបានធ្វើឡើងចំថ្ងៃនៃខួប៩ឆ្នាំនៃការដាក់ចូលចាប៉ីដងវែងជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ខែវិច្ឆិកា២០១៦នៅទីក្រុង Addis Ababa ប្រទេសអេត្យូពី។

តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម ហ្វីយ៉ាតាបានលើកឡើងថា៖ “មុនពេលខ្ញុំចូលរួមការប្រកួត Miss Universe Cambodia ខ្ញុំបានដឹងរួចហើយថា ឆ្នាំនេះគឺជាឆ្នាំទី៩របស់ការប្រកួត។ នៅពេលដែលខ្ញុំទទួលបានមកុដ ខ្ញុំក៏ដឹងថា ខ្ញុំនឹងក្លាយជាម្ចាស់តំណែង Miss Universe Cambodia ជំនាន់ទី៩ផងដែរ។”

ហ្វីយ៉ាតា នៅក្នុងព្រឹត្តិការណ៍

នាងបញ្ជាក់ថា៖ “ចាប់តាំងពីការប្រកួត national costume ចាប់ផ្តើម ខ្ញុំបានរៀបចំគម្រោងយ៉ាងច្បាស់លាស់ក្នុងការស្វែងរកប្រធានបទបេតិកភណ្ឌវប្បធម៌អ្វីមួយដែលអាចតំណាងឱ្យឆ្លងកាត់ខួបលើកទី៩ក្នុងឆ្នាំនេះ? ហើយបានបណ្ដាលឱ្យខ្ញុំជ្រើសរើសចាប៉ីដងវែង ដែលជាមរតកវប្បធម៌ដ៏មានតម្លៃនិងមានអត្ថន័យខ្លាំង។”

ឈុតតំណាងជាតិចាប៉ីដងវែង

នាងបន្តថា៖ “វាមិនមែនត្រឹមតែបង្ហាញពីប្រវត្តិសាស្ត្រដ៏អស្ចារ្យទេ ប៉ុន្តែវាក៏ភ្ជាប់ពាក់ព័ន្ធជាមួយខ្ញុំផ្ទាល់ ដោយសារតែខ្ញុំក៏ជាអ្នកចម្រៀងម្នាក់ផងដែរ។”

នាងបន្តថា៖ “ថ្ងៃនេះ ក្នុងនាមជា Miss Universe Cambodia ជំនាន់ទី៩ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងក្នុងការបង្ហាញនិងអបអរសាទរ(ចាប៉ីដងវែង)ដែលខ្ញុំបានជ្រើសរើសឱ្យជាឈុតតំណាងជាតិរបស់ខ្ញុំក្នុងឆ្នាំនេះ ក្នុងការនាំយកទៅបង្ហាញឱ្យពិភពលោកបានឃើញ នៅក្នុងឱកាសខួបទី៩នៃការទទួលស្គាល់វាជាបេតិកភណ្ឌវប្បធម៌ជាតិ។”

ហ្វីយ៉ាតា នៅលើឆាកអន្តរជាតិ

គួរបញ្ជាក់ថា ឈុតតំណាងជាតិរបស់ហ្វីយ៉ាតាត្រូវបានប្រសិទ្ធនាមថា «Golden Japei / ចាប៉ីដងវែង»។ ចាប៉ីដងវែងដែលមានសំឡេងពីរោះ គឺធ្វើតាមពាក្យពោលថា «ស្នូក រាំង ដង ក្រសាំង សន្ទះ ខ្ទុម្ព គីង្គក់ ធ្នង់ ខ្ទង់ ឆ្អឹង»។

តាមគំនិតចាស់បុរាណបានឱ្យនិមិត្ដរូបលើឧបករណ៍នេះថា «ស្នូកតំណាងក្បាលនាគ, ដងតំណាងខ្លួននាគ, ប្រពែតំណាងកន្ទុយនាគ» ដែលបង្ហាញពីតម្លៃនៃវប្បធម៌ដ៏ចំណាស់របស់ខ្មែរ ព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោក។

អត្ថបទសរសេរដោយ សុខ វាសនា
កែសម្រួលដោយ កៀន សុឃាក់

administrator

Related Articles