កម្លាំងនគរបាលខេត្តកណ្ដាលបានធ្វើការស្រាវជ្រាវយ៉ាងសកម្ម បន្ទាប់ពីទទួលបានការបរិហារពីប្រជាពលរដ្ឋជាង១០០គ្រួសារនៅក្នុងបុរីវីឡាទួលសង្កែអរិយក្សត្រ ដែលមានការបារម្ភពីចោរកម្មគាស់ផ្ទះយ៉ាងញឹកញាប់ក្នុងរយៈពេល៥ខែចុងក្រោយនេះ។

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ ដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ឈ្មោះ សុខ សម្បត្តិលក្ខណា (ហៅបាត់) និង អ៉ឹម ថា (ហៅយូរ ឬ វុធ)។
គួររំលឹកថា កាលពីឆ្នាំ២០២៣ ជនរងគ្រោះបានទិញផ្ទះល្វែងមួយខ្នងនៅក្នុងបុរីទួលសង្កែ ហើយនៅដើមឆ្នាំ២០២៥ បានចាក់សោរទុកផ្ទះចោល រួចទៅស្នាក់នៅជាមួយកូននៅរាជធានីភ្នំពេញ។ នៅថ្ងៃទី២៣.១១.២០២៥ ជនរងគ្រោះបានមកមើលផ្ទះ ហើយឃើញសភាពរញ៉េរញ៉ៃ ទ្វារខូច និងបាត់លុយចំនួន៣៥,០០០ដុល្លារអាមេរិក រួមទាំងខ្សែកមាស២ខ្សែ ទម្ងន់សរុប៥តម្លឹង។

ក្រោយពីទទួលបានបណ្តឹង កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ ចុះត្រួតពិនិត្យផ្ទះកើតហេតុ និងពិនិត្យតាមកាមេរ៉ាសុវត្ថិភាព រហូតឃើញបុរសម្នាក់មានសកម្មភាពដើរក្នុងបរិវេណបុរីគួរឲ្យសង្ស័យ។
នៅថ្ងៃទី២៩.១១.២០២៥ កម្លាំងជំនាញបានហៅឈ្មោះ សុខ សម្បត្តិលក្ខណា (បាត់) ដែលជាអ្នករស់នៅជិតខាងក្បែរផ្ទះកើតហេតុ មកសាកសួរ ហើយគាត់បានស្គាល់បុរសម្នាក់នោះ ដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នា។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ អ៉ឹម ថា បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនៅក្នុងបុរីទួលសង្កែចំនួន២ដង៖ លើកទី១នៅខែកញ្ញា២០២៥ លួចបានទូរស័ព្ទ Iphone 16, លុយវៀតណាមជាង២លានដុង, លុយចិនជិត១ពាន់យ៉េន, ខ្សែដៃអង្កាំ១ខ្សែ និងម៉ូតូ Pcx១គ្រឿង។ លើកទី២នៅថ្ងៃទី១២.១១.២០២៥ ប៉ុន្តែមិនឃើញទ្រព្យសម្បត្តិអ្វីមានតម្លៃ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី។

