ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ កំពុងប្រឈមនឹងបញ្ហាបរិស្ថានធ្ងន់ធ្ងរដោយសារសិប្បកម្មកែច្នៃប្រេងម៉ាស៊ីនមួយកន្លែង ដែលបានបញ្ចេញទឹកកខ្វក់មានជាតិប្រេងពណ៌ខ្មៅហូរចូលទៅក្នុងដីស្រែរបស់ពួកគាត់។

អ្នកភូមិដែលរងផលប៉ះពាល់បានរាយការណ៍ថា ទឹកកខ្វក់នេះបានបណ្តាលឱ្យខូចខាតដំណាំស្រូវយ៉ាងធ្ងន់ធ្ងរ ដោយស្រូវដែលកំពុងលូតលាស់ត្រូវបានរលួយនិងងាប់ទាំងស្រុង ធ្វើឱ្យពួកគាត់បាត់បង់ទិន្នផលស្រូវ។

លើសពីនេះទៀត ទឹកស្អុយនិងក្លិនមិនល្អពីសិប្បកម្មនេះបានប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយមានការបារម្ភថាអាចបង្កជាបញ្ហាសុខភាពដល់កុមារ និងមនុស្សចាស់ក្នុងមូលដ្ឋាន។ អ្នកភូមិបានលើកឡើងថា ពួកគាត់បានរាយការណ៍និងស្នើសុំអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែបញ្ហានៅតែបន្តកើតមាន។

លោក ច័ន្ទ ថេត ថានរ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឲ្យដឹងថា លោកបានដឹងព័ត៌មាននេះហើយ នឹងបានចាត់ក្រុមការងារចុះទៅពិនិត្យហើយ មានវិធានការហើយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំដំណោះស្រាយប្រកបដោយប្រសិទ្ធភាពពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។

អ្នកភូមិបានស្នើសុំឱ្យអាជ្ញាធរថ្នាក់ខេត្ត ជាពិសេសមន្ទីរបរិស្ថាននិងមន្ទីរកសិកម្ម ចុះត្រួតពិនិត្យនិងចាត់វិធានមការជាបន្ទាន់ទៅលើសិប្បកម្មនេះ ដើម្បីបញ្ឈប់សកម្មភាពដែលបង្កការបំពុល និងឱ្យម្ចាស់សិប្បកម្មទទួលខុសត្រូវ និងដោះស្រាយសំណងចំពោះការខូចខាតស្រូវ និងដីស្រែរបស់ប្រជាពលរដ្ឋ។

