ភ្លើងឆាបឆេះរោងចក្រកាត់ដេរ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ពេលព្រឹកថ្ងៃទី១ ធ្នូ

ភ្លើងឆាបឆេះរោងចក្រកាត់ដេរ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ពេលព្រឹកថ្ងៃទី១ ធ្នូ

ភ្លើងឆាបឆេះរោងចក្រ

រាជធានីភ្នំពេញ៖ សង្ស័យឆ្លងចរន្តអគ្គិសនីបានបង្កឲ្យមានភ្លើងឆាបឆេះសម្ភារៈនៅក្នុងអគាររោងចក្រកាត់ដេរមួយកន្លែង ក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា តាមមហាវិថីចោមចៅ (ផ្លូវវ៉េងស្រេង) កាលពីវេលាម៉ោង ៥:៣០នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។

ក្រុមសន្តិសុខពន្លត់ភ្លើង

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលកើតហេតុ មានកម្មករកម្មការិនីទៅដល់បណ្ដើរៗហើយ ប៉ុន្តែរោងចក្រនេះនៅមិនទាន់ដល់ម៉ោងត្រូវបើកទ្វារឲ្យចូលធ្វើការនៅឡើយទេ។ ភ្លាមនោះ ក្រុមសន្តិសុខដែលយាមនៅទីនោះបាននាំគ្នាវាយផ្ដាច់សោទ្វារអគាររោងចក្រ រួចនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់រហូតរលត់ទៅវិញ។

កម្មករជួយជញ្ជូនម៉ាស៊ីន

កម្មករខ្លះបានជួយជញ្ជូនម៉ាស៊ីនដេរចេញក្រៅអគារបានច្រើនគ្រឿង ដើម្បីគេចចេញពីចំណីព្រះអគ្គិ។ សមត្ថកិច្ចនិងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចេញអន្តរាគមន៍ភ្លាម ហើយក៏មានរថយន្តពន្លត់អគ្គិភ័យទៅដល់ជាបន្តបន្ទាប់ដែរ។

អាជ្ញាធរទៅកាន់កន្លែងកើតហេតុ

សមត្ថកិច្ចបានបញ្ជាក់ថា គ្រាន់តែចូលដល់ខែធ្នូមិនទាន់បាន១ថ្ងៃ ក៏មានឧប្បត្តិហេតុបែបនេះកើតឡើង។ ប៉ុន្តែសំណាងហើយដែលឆេះភ្លាមដឹងភ្លាម និងពន្លត់បានទាន់ពេលភ្លាមៗ។ ប្រសិនបើដឹងយឺត ពន្លត់អត់ទាន់នោះ ប្រាកដជាមិនឆេះតែអគារ១នេះទេ អាចនឹងឆេះរាលដល់ច្រើនអគារទៀតមិនខាន។

កន្លែងកើតហេតុ

នៅក្រោយពេលពន្លត់ភ្លើងរលត់ ខាងរោងចក្រមិនបានអនុញ្ញាតឲ្យកម្មករកម្មការិនីចូលធ្វើការភ្លាមៗនោះទេ ព្រោះនៅមានផ្សែងខ្លាំងពេញក្នុងអគារ។ កម្មករបានឈររង់ចាំត្រៀបត្រានៅជិតរោងចក្រ រហូតស្ងប់ស្ងាតលែងមានផ្សែងទើបឲ្យចូលធ្វើការជាធម្មតា។

ការត្រួតពិនិត្យកន្លែងកើតហេតុ

អគាររោងចក្រ

ការពន្លត់ភ្លើង

អត្ថបទសរសេរដោយ យន់ ស៊ីថា
កែសម្រួលដោយ ធីតា

administrator

Related Articles