រាជធានីភ្នំពេញ៖ នគរបាលខណ្ឌដង្កោ បានចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ដែលឆក់ទូរស័ព្ទក្មេងស្រីអាយុ១៣ឆ្នាំ នៅមុខហាងបុកល្ហុង ក្នុងបុរីពិភពថ្មី១ កាលពីថ្ងៃទី២៨ វិច្ឆិកា។

ការចាប់ខ្លួនធ្វើឡើងក្រោយពីគេចខ្លួនត្រឹម២ថ្ងៃប៉ុណ្ណោះ ដោយសមត្ថកិច្ចបានដកហូតទូរស័ព្ទប្រគល់ជូនជនរងគ្រោះវិញផងដែរ។ ជនសង្ស័យឈ្មោះ ស៊ុក អូនតូច ហៅម៉ម អាយុ៣២ឆ្នាំ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១០:៣០ព្រឹក ថ្ងៃទី៣០ វិច្ឆិកា។

ព្រឹត្តិការណ៍នេះកើតឡើងនៅវេលាម៉ោង១៨:២៦យប់ នៅមុខហាងបុកល្ហុង “យីហោបុកល្ហុងឆ្លងដែន” ក្នុងបុរីពិភពថ្មី១។ ជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ បានកញ្ឆក់ទូរស័ព្ទពីក្មេងស្រីឈ្មោះ សារុន រតនៈសុធីរ៉ា ដែលកំពុងអង្គុយលើម៉ូតូ។

នគរបាលបានប្រើរូបភាពពីកាមេរ៉ាសុវត្ថិភាពដើម្បីស្រាវជ្រាវ ដែលបង្ហាញជនសង្ស័យម្នាក់ពាក់មួកសុវត្ថិភាបើកចំហរកញ្ចក់ និងម្នាក់ទៀតពាក់មួកប៉េរេ។ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវឃុំខ្លួនបណ្ដោះអាសន្ន និងនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់។

