
គិតត្រឹមព្រឹកថ្ងៃពុធទី៣ ខែធ្នូ ឆ្នាំ២០២៥ ចំនួនមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងប្រទេសថៃ បានកើនដល់១៨០នាក់ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនិងផ្សាយដោយសារព័ត៌មាន Amarin។
ខេត្ត Songkhla ជាកន្លែងរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយក្នុងចំណោមមនុស្សស្លាប់ទាំងអស់ គ្រាន់តែទីនោះមានមនុស្សស្លាប់រហូតដល់១៤២នាក់ទៅហើយ។

ចំពោះមនុស្សស្លាប់ផ្សេងទៀតមានដូចជានៅខេត្ត Nakhon Si Thammarat ១០នាក់, Pattani ៩នាក់, Yala ៥នាក់, Phatthalung ៤នាក់, Narathiwat ៤នាក់, Trang ៣នាក់ និង Satun ៣នាក់។
សម្រាប់ការខូចខាតវិញ ការវាយតម្លៃបឋមបានរកឃើញថ្លៃខាតបង់ក្នុងទំហំទឹកប្រាក់ប្រមាណ ១,២០០លានបាត ក្នុងនោះរួមមានការខូចខាតអគារ ៧៥៩លានបាត, ឧបករណ៍/គ្រឿងបរិក្ខារ ៣៧១លានបាតនិងសម្ភារៈ ៥លានបាត។
អ្វីដែលធ្ងន់ធ្ងរជាងគេនោះគឺ គ្រាន់តែមន្ទីរពេទ្យហាដយ៉ៃ មួយកន្លែង ត្រូវរងការខូចខាតសរុប ៩៣០ លានបាតទៅហើយ។
បន្ថែមពីលើការបាត់បាត់ជីវិតមនុស្សនិងការខូចខាតទាំងអស់នេះហើយ ពលរដ្ឋថៃជាង២០០នាក់ ដល់ថ្នាក់កើតជំងឺផ្លូវចិត្តទៀតផង ដោយសារតែទឹកជំនន់នៅភាគខាងត្បូង។
មិនត្រឹមប៉ុណ្ណឹង ក្រសួងសុខាភិបាលសាធារណៈថៃ ក៏ព្រមានផងដែរអំពីជំងឺដែលកើតក្រោយពេលទឹកស្រកជាពិសេសគឺ ជំងឺ Leptospirosis ដែលឆ្លងតាមរយៈទឹកនោមសត្វ៕
អត្ថបទ៖ សុខ សុវណ្ណ
