អាជ្ញាធរអប្សរាបង្កើតផ្លូវកង់ថ្មីៗ ទាក់ទាញទេសចរស្នាក់នៅយូរជាងមុននៅតំបន់អង្គរ

អាជ្ញាធរអប្សរាបង្កើតផ្លូវកង់ថ្មីៗ ទាក់ទាញទេសចរស្នាក់នៅយូរជាងមុននៅតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា កំពុងពង្រីកផែនការទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅយូរជាងមុននៅតំបន់រមណីយដ្ឋានអង្គរ ដោយផ្តោតលើការអភិវឌ្ឍផ្លូវជិះកង់ថ្មីៗ និងវង់ទស្សនាបន្ថែម។

ផ្លូវកង់នៅតំបន់អង្គរ

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ការអនុវត្តនេះស្របនឹងយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល។

“យើងកំពុងសិក្សាផលិតផលទេសចរណ៍ថ្មីលើផ្លូវជិះកង់បន្ថែម ដើម្បីឱ្យភ្ញៀវទេសចរមានជម្រើសកាន់តែច្រើនក្នុងការទស្សនាតំបន់ឆ្ងាយៗ ដូចជាប្រាសាទភ្នំបូក ប្រាសាទលាក់នាង និងភ្ជាប់ជីវភាពពលរដ្ឋក្នុងសង្កាត់រុនតាឯកផងដែរ” លោកបានពន្យល់។

ប្រាសាទនៅតំបន់អង្គរ

លើសពីនេះ អាជ្ញាធរក៏កំពុងរៀបចំវង់ទស្សនាថ្មីៗ ដូចជានៅភ្នំបូក ដែលមានផ្លូវជិះកង់ទៅប្រាសាទត្រពាំងចំបក់ ព្រមទាំងរៀបចំកន្លែងលក់ដូរ និងដាក់ស្លាកសញ្ញាប្រាប់ទិសសម្រាប់ភ្ញៀវទេសចរ។

ការពង្រឹងហេដ្ឋារចនាសម្ពន្ធទេសចរណ៍នេះ នឹងជួយឱ្យអ្នកទេសចរអាចស្វែងយល់ពីប្រាសាទដោយខ្លួនឯង ទោះបីជាគ្មានមគ្គុទ្ទេសក៍ក៏ដោយ។

ទេសចរជិះកង់នៅអង្គរ

គម្រោងទាំងនេះគឺជាផ្នែកនៃយុទ្ធសាស្ត្រទាក់ទាញទេសចរឱ្យស្នាក់នៅយូរជាងមុននៅខេត្តសៀមរាប ដែលនឹងជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងបង្កើតបទពិសោធន៍ទេសចរណ៍ពិសេសសម្រាប់ភ្ញៀវទេសចរទាំងអស់។

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles