តម្លៃប្រេងអន្តរជាតិបានកើនឡើងជាង ១,៥% នៅទីផ្សារអាស៊ីនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពី OPEC+ (អង្គការប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត) បានបញ្ជាក់ថានឹងមិនបង្កើនផលិតកម្មប្រេងនៅត្រីមាសទី១ឆ្នាំក្រោយនេះ។

តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ៩៤ សេន ឬ ១,៥១% ដល់ ៦៣,៣២ ដុល្លារ/បារ៉ែល នៅទីក្រុងហុងកុង។ ចំណែកតម្លៃប្រេងឆៅអាមេរិកម៉ាក WTI វិញ កើនឡើង ៩០ សេន ឬ ១,៥៤% ដល់ ៥៩,៤៥ ដុល្លារ/បារ៉ែល។
កាលពីមុន តម្លៃប្រេងបានធ្លាក់ចុះខ្សោយនៅក្បែរ ៦០ ដុល្លារ/បារ៉ែល ដោយសារភាពតានតឹងពាណិជ្ជកម្ម និងកង្វល់ពីការផ្គត់ផ្គង់ប្រេងលើសតម្រូវការ។ ការសម្រេចចិត្តរបស់ OPEC+ បានជួយជំរុញតម្លៃប្រេងឱ្យស្ទុះឡើងវិញ។

ទោះជាយ៉ាងណា កំណើនតម្លៃនៅតែមានកម្រិត ដោយវិនិយោគិននៅតែរងចាំមើលការវិវត្តផ្សេងៗទៀត រួមទាំងការរំពឹងទុកពីដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន-រុស្ស៊ី និងការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក។
