ទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបអ្នកតំណាងស្វីស ពង្រឹងសហប្រតិបត្តិការបោសសម្អាតមីន

ទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបអ្នកតំណាងស្វីស ពង្រឹងសហប្រតិបត្តិការបោសសម្អាតមីន

ភ្នំពេញ៖ លោក បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាជាមួយ លោកស្រី Zoë Poznicek មន្ត្រីទទួលកម្មវិធីបោសសម្អាតមីនមនុស្សធម៌ នៃក្រសួងការបរទេស ប្រទេសស្វីស នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥។

កិច្ចប្រជុំរវាងទេសរដ្ឋមន្រ្តី លី ធុជ និងអ្នកតំណាងស្វីស

ក្នុងជំនួបនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងពីទំនាក់ទំនងការទូត និងភាពជាដៃគូយូរអង្វែងរវាងកម្ពុជា-ស្វីស។ ប្រទេសស្វីស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC)។

តាងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លោកបណ្ឌិត លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសស្វីសក្នុងវិស័យសកម្មភាពមីន។ ការរួមចំណែករបស់រដ្ឋាភិបាលស្វីសចំពោះការបោសសម្អាតមីន គឺមានតម្លៃមិនអាចកាត់ថ្លៃបាន និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ និងការលើកកម្ពស់សន្តិភាព។

កិច្ចសន្ទនាពង្រឹងសហប្រតិបត្តិការមីនមនុស្សធម៌

កម្ពុជាសង្ឃឹមថា ប្រទេសស្វីស ដែលជាដៃគូដ៏សំខាន់មួយ នឹងបន្តគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការក្លាយជាប្រទេសគ្មានមីន។ លោក លី ធុជ ក៏បានជម្រាបប្រាប់អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងផលលំបាករបស់ប្រជាជនកម្ពុជា ក្នុងអំឡុងពេលនៃការភៀសខ្លួនគេចចេញពីការវាយប្រហាររបស់យោធាថៃ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រកបដោយសន្តិភាព។

administrator

Related Articles