រាជធានីភ្នំពេញនិងខេត្តហ្វូជៀនចិន បង្កើតការិយាល័យពាណិជ្ជកម្មថ្មី ដើម្បីទាក់ទាញការវិនិយោគឱ្យកាន់តែច្រើន

រាជធានីភ្នំពេញនិងខេត្តហ្វូជៀនចិន បង្កើតការិយាល័យពាណិជ្ជកម្មថ្មី ដើម្បីទាក់ទាញការវិនិយោគឱ្យកាន់តែច្រើន

ភ្នំពេញ៖ រាជធានីភ្នំពេញនិងខេត្តហ្វូជៀននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានក្លាយជាទីក្រុងសម្ព័ន្ធមេត្រីភាពតាំងពីឆ្នាំ២០២១មក កំពុងរៀបចំបង្កើតការិយាល័យពាណិជ្ជកម្មថ្មីមួយនៅរាជធានីភ្នំពេញ ដើម្បីជំរុញការវិនិយោគឱ្យកាន់តែធំធាត់។

កិច្ចប្រជុំរវាងអភិបាលភ្នំពេញនិងប្រតិភូខេត្តហ្វូជៀន

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីគោលបំណងនេះក្នុងជំនួបពិភាក្សាការងារជាមួយលោក ហ្វាង ឈុន (Huang Chun) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ជនជាតិចិននៅបរទេស កិច្ចការបរទេស ជនជាតិភាគតិច និងសាសនានៃសភាប្រជាជនខេត្តហ្វូជៀន។ ជំនួបនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥។

ការពិភាក្សាអំពីការវិនិយោគ

លោក ឃួង ស្រេង បានពន្យល់ថា៖ “រាជធានីភ្នំពេញមានភូមិសាស្ត្រល្អ ត្រូវបានពង្រីកជាច្រើនដង ហើយមានរោងចក្រវាយនភ័ណ្ឌច្រើនដែលផ្តល់ការងារឱ្យកម្មករប្រមាណ៦០ម៉ឺននាក់។ នៅថ្ងៃអនាគត ការដឹកជញ្ជូនទំនិញនឹងកាន់តែងាយស្រួលដោយសារការជីកព្រែកហ្វូណន់តេជោ។”

អភិបាលភ្នំពេញលោក ឃួង ស្រេង

អភិបាលភ្នំពេញបានបន្តថា រាជធានីមានកម្លាំងពលកម្មច្រើន ដែលប្រជាពលរដ្ឋអាយុក្រោម៣៥ឆ្នាំមានប្រមាណ៦០% ដែលជាកត្តាសំខាន់សម្រាប់ការវិនិយោគ។ លោកបានស្នើឱ្យខេត្តហ្វូជៀនបន្តការវិនិយោគឱ្យកាន់តែច្រើន ដោយរាជធានីមានសិទ្ធិសម្រេចការវិនិយោគរហូតដល់៥លានដុល្លារ។

ប្រតិភូខេត្តហ្វូជៀន

ចំណែកលោក ហ្វាង ឈុន បានបង្ហាញថា ខេត្តហ្វូជៀនជាខេត្តមានមាត់សមុទ្រវែងជាងគេ មានផ្ទៃដី១២.៤គីឡូម៉ែត្រការ៉េ ទីក្រុង៩ និងប្រជាជន៤២លាននាក់។ GDP របស់ខេត្តនៅឆ្នាំ២០២៤មានប្រមាណ៥៧០០ប៊ីលានយន់ (៩០០ប៊ីលានដុល្លារ)។

ការពិភាក្សាពាណិជ្ជកម្ម

លោកបានបន្តថា៖ “ក្នុងរយៈពេល៨ខែនេះ ខេត្តហ្វូជៀនបាននាំទំនិញចូលកម្ពុជាចំនួន៦ពាន់លានយន់ កើន២៣% ធៀបនឹងឆ្នាំ២០២៤។ ខេត្តយើងក៏ជាអ្នកផលិតរថយន្តអគ្គិសនីដ៏សំខាន់ផងដែរ។”

កិច្ចសន្យាសហប្រតិបត្តិការ

លោក ហ្វាង ឈុន បានបញ្ជាក់ថា ប្រតិភូដែលមកទស្សនកិច្ចក៏ជាអ្នកវិនិយោគនៅភ្នំពេញដែរ ហើយនឹងជំរុញឱ្យអ្នកវិនិយោគផ្សេងទៀតមកវិនិយោគនៅរាជធានីភ្នំពេញឱ្យកាន់តែច្រើន។ បច្ចុប្បន្ន ជនជាតិចិនពីខេត្តហ្វូជៀនមករកស៊ីនៅកម្ពុជាមានប្រមាណ២០ម៉ឺននាក់ ស្មើនឹងជាង១០០ក្រុមហ៊ុន។

ដើម្បីជំរុញការវិនិយោគឱ្យកាន់តែប្រសើរ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើតការិយាល័យពាណិជ្ជកម្មថ្មីនៅរាជធានីភ្នំពេញនាពេលខាងមុខនេះ៕

ដោយ៖ សំរិត

administrator

Related Articles