រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសផ្អាកដំណើរការអន្តោប្រវេសន៍ទាំងស្រុងចំពោះប្រជាជនមកពី ១៩ ប្រទេស ដោយលើកឡើងពីកង្វល់សន្តិសុខជាតិបន្ទាប់ពីការបាញ់ប្រហារនៅទីក្រុងវ៉ាស៊ីនតោន។

ការផ្អាកនេះដែលចាប់ផ្ដើមពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ រួមមានការផ្ដល់បណ្ណ Green Card និងសញ្ជាតិសម្រាប់ប្រជាជនមកពីប្រទេសដូចជា អាហ្វហ្គានីស្ថាន, សូម៉ាលី, មីយ៉ាន់ម៉ា, អ៊ីរ៉ង់, គុយបា, ឡាវ និងប្រទេសផ្សេងៗទៀត។ យោងតាម New York Times វិធានការនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រនយោបាយអន្តោប្រវេសន៍របស់លោកត្រាំ។
មន្ត្រីអាមេរិកបានបញ្ជាក់ថា ការសម្រេចចិត្តនេះបានមកបន្ទាប់ពីការវាយប្រហារកាលពីសប្ដាហ៍មុន ដែលជនជាតិអាហ្វហ្គានីស្ថានម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបាញ់សមាជិកឆ្មាំជាតិពីរនាក់ ដែលនាំឱ្យមានម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
លោកត្រាំបានធ្វើការវាយប្រហារយ៉ាងខ្លាំងទៅលើជនអន្តោប្រវេសន៍សូម៉ាលី ដោយហៅពួកគេថា «សំរាម» និងបញ្ជាក់ថា «យើងមិនចង់ឱ្យពួកគេនៅក្នុងប្រទេសរបស់យើងទៀតទេ»។
សេចក្ដីណែនាំថ្មីនេះបញ្ជាឱ្យមានការផ្អាកទាំងស្រុងលើករណីទាំងអស់ដែលកំពុងរង់ចាំ និងតម្រូវឱ្យអ្នកដាក់ពាក្យទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ រួមទាំងការសម្ភាសន៍បន្ថែម។ មេធាវីអន្តោប្រវេសន៍បានរាយការណ៍ថា ពួកគេបានទទួលព័ត៌មានអំពីការលុបចោលពិធីស្បថចូលសញ្ជាតិ និងការណាត់ជួបទទួលយកប័ណ្ណ Green Card។
ចាប់តាំងពីត្រឡប់មកកាន់តំណែងវិញកាលពីខែមករា លោកត្រាំបានបង្កើនការអនុវត្តច្បាប់អន្តោប្រវេសន៍ ដោយដាក់ពង្រាយភ្នាក់ងារសហព័ន្ធទៅកាន់ទីក្រុងធំៗ និងរឹតត្បិតយ៉ាងខ្លាំងនូវសិទ្ធិជ្រកកោននៅព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក។
