ខេត្តកំពង់ស្ពឺ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងពិធីដ៏ខ្ពង់ខ្ពស់នេះ លោក មីន មករា ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ជំនួសលោក ឡុង កេសភីរម្យ ដែលត្រូវបានផ្ទេរទៅកាន់តំណែងប្រធានសាលាដំបូងខេត្តកំពង់ធំ។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាច្រើន រួមមានលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក កង វណ្ណារ៉ូ អភិបាលស្តីទីនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីគោលនយោបាយកែទម្រង់ប្រព័ន្ធយុត្តិធម៌ក្នុងនីតិកាលទី៧ ដោយផ្តោតលើការកែទម្រង់ប្រព័ន្ធតុលាការ និងប្រព័ន្ធដោះស្រាយវិវាទក្រៅតុលាការ។

លោកបានផ្តាំផ្ញើចំណុចសំខាន់ៗ ៦ចំណុចទៅកាន់មន្ត្រីតុលាការ៖
១. ពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងសាមគ្គីភាព
២. ពង្រឹងគុណភាពការចាត់ការសំណុំរឿង
៣. រៀបចំសាលក្រមឱ្យរួចរាល់មុនផ្លាស់ប្តូរតំណែង
៤. ចូលរួមយុទ្ធនាការជំរុញការដោះស្រាយរឿងក្តី
៥. គោរពវិន័យការងារ និងសីលធម៌វិជ្ជាជីវៈ
៦. លើកកម្ពស់កិត្តិយសអង្គចៅក្រម

លោកឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធដែលបានផ្តល់កិច្ចសហការល្អជាមួយសាលាដំបូងខេត្តកំពង់ស្ពឺក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

ពិធីនេះបានបញ្ចប់ដោយជោគជ័យ ដោយមានការចូលរួមពីចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ និងមន្ត្រីអនុវត្តច្បាប់ជាច្រើនទៀត។

ដោយ៖ សិលា
