ប្រទេសថៃបានស្នើសុំឲ្យឥណ្ឌាជួយខ្លួនក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការ BRICS នៅពេលដែលទីក្រុងញូវដែលីដល់វេនកាន់តំណែងជាប្រធានអង្គការនេះក្នុងឆ្នាំ២០២៦។

តាមការផ្សាយរបស់ The Star សំណើនេះគឺធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow ដែលបានបញ្ជាក់កាលពីថ្ងៃពុធទី៣ខែធ្នូឆ្នាំ២០២៥ថា ទីក្រុងបាងកកស្នើឲ្យរដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishankar ជួយឲ្យថៃឡើងឋានៈពីដៃគូ BRICS ទៅជាសមាជិកពេញសិទ្ធិតែម្តង។
BRICS គឺជាអង្គការនៃក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនដ៏សំខាន់លើពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩។ អង្គការនេះត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយរវាងសមាជិករបស់ខ្លួន ក៏ដូចជាដើម្បីជំរុញកំណែទម្រង់រចនាសម្ព័ន្ធអភិបាលកិច្ចពិភពលោក។
ដើមឡើយ BRICS មានតែប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិនប៉ុណ្ណោះ ប៉ុន្តែមិនយូរប៉ុន្មានក៏មានអាហ្វ្រិកខាងត្បូងចូលរួមនៅឆ្នាំ២០១០។ ក្រោយមកប្លុកនេះបានពង្រីកខ្លួន ដោយបន្ថែមសមាជិកថ្មីៗដូចជាអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួមជាដើម។
បច្ចុប្បន្ន BRICS មានសមាជិកពេញសិទ្ធិចំនួន១១ប្រទេស បន្ទាប់ពីការបន្ថែមឥណ្ឌូណេស៊ីនិងអារ៉ាប៊ីសាអ៊ូឌីត។ ក្រៅពីនេះ BRICS មានដៃគូចំនួន៩ប្រទេសដូចជា បេឡារុស បូលីវី គុយបា កាហ្សាក់ស្ថាន ម៉ាឡេស៊ី នីហ្សេរីយ៉ា ថៃ អ៊ូហ្គង់ដា និងអ៊ូសបេគីស្ថាន។
BRICS តំណាងឲ្យប្រហែល៤០%នៃចំនួនប្រជាជនពិភពលោក និង១ភាគ៥នៃពាណិជ្ជកម្មសកល ប៉ុន្តែអង្គការនេះត្រូវបានបណ្តាប្រទេសលោកខាងលិចចាត់ទុកជាគូប្រជែងរបស់ប្លុកដែលខ្លួនកំពុងដឹកនាំ តួយ៉ាងដូចជា G7 ជាដើម។
