ទីក្រុងមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសយ៉ាងច្បាស់ថា ប្រទេសរបស់លោកត្រៀមខ្លួនពេញទំហឹងសម្រាប់សង្គ្រាមជាមួយអឺរ៉ុប បើសង្គ្រាមពិតជាផ្ទុះឡើង។

ការអត្ថាធិប្បាយដ៏តឹងរឹងនេះបានធ្វើឡើងនៅថ្ងៃអង្គារទី២ ខែធ្នូ ឆ្នាំ២០២៥ ដោយលោកពូទីនចោទប្រកាន់មេដឹកនាំអឺរ៉ុបថាបានរារាំងកិច្ចចរចាសន្តិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
យោងតាមការផ្សាយព័ត៌មានពី New York Post លោកពូទីនបានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមិនមានគម្រោងទៅធ្វើសង្គ្រាមជាមួយអឺរ៉ុបទេ ប៉ុន្តែបើអឺរ៉ុបចង់និងចាប់ផ្ដើម យើងត្រៀមខ្លួនរួចរាល់ហើយ»។
មេដឹកនាំរុស្ស៊ីបានរិះគន់រដ្ឋាភិបាលសហភាពអឺរ៉ុបយ៉ាងខ្លាំង ចំពោះការជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនបដិសេធការទាមទាររបស់ទីក្រុងមូស្គូ ដែលនឹងតម្រូវឲ្យអ៊ុយក្រែនត្រូវបោះបង់ទឹកដី និងកាត់បន្ថយកម្លាំងយោធារបស់ខ្លួន។

លោកពូទីនបានច្រានចោលសំណើកែសម្រួលរបស់អឺរ៉ុប ដែលរក្សាលទ្ធភាពនៃការចូលជាសមាជិកអង្គការណាតូសម្រាប់អ៊ុយក្រែននៅពេលអនាគត ដោយលើកឡើងថាវាជា «រឿងមិនអាចទទួលយកបានជាដាច់ខាត»។
ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងមុនកិច្ចចរចានៅទីក្រុងមូស្គូជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff និងកូនប្រសាររបស់លោកត្រាំ គឺលោក Jared Kushner។
រដ្ឋាភិបាលអឺរ៉ុបបានជំរុញលោកត្រាំឲ្យមានជំហរតឹងរឹងជាងមុន ដោយព្រមានថា ការផ្ដល់រង្វាន់ដល់ទីក្រុងមូស្គូនឹងធ្វើឲ្យសន្តិសុខទូទាំងទ្វីបចុះខ្សោយ។
