ភ្នំពេញ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម»។

លោកបានថ្លែងក្នុងឱកាសនោះថា គុណតម្លៃដែលយើងបានរៀនសូត្រពីជនមានពិការភាពរបស់យើង គឺជាការតស៊ូដ៏រឹងមាំនៅក្នុងជីវិត។ ពួកគាត់បានបង្ហាញឲ្យសង្គមទាំងមូលឃើញពីការតាំងចិត្តយ៉ាងខ្ពស់ក្នុងការជម្នះរាល់ឧបសគ្គ។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានអំពាវនាវឱ្យមានចលនាជាតិ និងស្មារតីរួមមួយក្នុងសង្គមកម្ពុជា ដើម្បីលើកកម្ពស់សិទ្ធិ ផ្តល់ក្តីស្រលាញ់ កិត្តិយស និងឱកាសដល់ជនមានពិការភាពទាំងអស់។

លោកបានជំរុញឱ្យគ្រប់ក្រសួង ស្ថាប័ន អនុវត្ត«ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» ឲ្យមានប្រសិទ្ធភាព និងធ្វើរបាយការណ៍ជូនក្រុមប្រឹក្សាសកម្មភាពជនពិការជាប្រចាំ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច ត្រូវបន្តសហការគ្នាដើម្បីផ្តល់បណ្ណបើកបរដល់ជនមានពិការភាព ដោយគ្មានឧបសគ្គឬការរើសអើង។

លោកក៏បានណែនាំឱ្យក្រសួងសង្គមកិច្ច សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព និងផ្តល់បណ្ណសម្គាល់ជនមានពិការភាពគ្រប់រូប។

វិស័យឯកជន និងអង្គការសង្គមស៊ីវិលត្រូវទទួលយកជនមានពិការភាពចូលបម្រើការងារតាមអត្រាកំណត់ និងត្រូវពិន័យអន្តរកាណ៍ចំពោះអង្គការណាដែលមិនបំពេញកាតព្វកិច្ច។

អភិបាលរាជធានី ខេត្ត ត្រូវសកម្មចូលរួមជំរុញការផ្តល់សេវាដល់ជនមានពិការភាពឲ្យកាន់តែមានប្រសិទ្ធភាព និងធ្វើរបាយការណ៍ជូនក្រុមប្រឹក្សាសកម្មភាពជនពិការនៅថ្នាក់ជាតិ។

ពិធីនេះបានប្រព្រឹត្តិទៅដោយជោគជ័យ និងមានការចូលរួមពីអ្នកចូលរួមជាច្រើន ដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះជនមានពិការភាពនៅកម្ពុជា។




