
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងរៀបចំផែនការសំខាន់ ដើម្បីធានាឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ និងមានលំនៅឋានដែលមានរបៀបរៀបរយ។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា ក្រសួងនឹងជួបពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីរកវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការធានាសិទ្ធិលំនៅឋានដល់ប្រជាពលរដ្ឋ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ការរៀបចំសំណង់លំនៅឋានឱ្យមានរបៀបរៀបរយ គឺជាការងារផ្ដើមសម្រាប់ឈានទៅរកគោលដៅធំជាង ដែលគឺធានាឱ្យប្រជាពលរដ្ឋទាំងអស់មានផ្ទះសម្បែងរស់នៅបានសមរម្យ។ គម្រោងនេះនឹងចាប់ផ្ដើមនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានៅបន្តអនុវត្តគោលនយោបាយដីសម្បទានសង្គមកិច្ច សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលកំពុងទទួលបានជោគជ័យយ៉ាងខ្លាំង។ តាមរយៈនយោបាយនេះ ប្រជាពលរដ្ឋកន្លះលានគ្រួសារ ឬស្មើនឹងមនុស្សជាង២លានកន្លះនាក់ បានរួចផុតពីភាពក្រីក្រ។
គម្រោងរៀបចំផ្ទះសម្បែងនេះ គឺជាគោលដៅបន្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងត្រូវអនុវត្តបន្ទាប់ពីការវាស់វែងដីធ្លីជាប្រព័ន្ធចប់សព្វគ្រប់។ គិតត្រឹមឆ្នាំ២០២៥នេះ នៅសល់ត្រឹមជាង៥ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ដែលត្រូវវាស់វែង។
ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា
