ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់ និងដកហូតម៉ូតូ ០១គ្រឿង បន្ទាប់ពីពួកគេបានបើកបង្ហោះម៉ូតូ និងយកវីដេអូបង្ហោះលើបណ្ដាញសង្គម Facebook។

យោងតាមសមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ ការបង្ក្រាបនេះធ្វើឡើងតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥។ កម្លាំងនគរបាលបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយាន ដើម្បីអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំងពីរនាក់បានទទួលស្គាល់កំហុស និងឆ្លេីយសារភាពថា ពួកគេពិតជាបានបើកម៉ូតូបង្ហោះតាមពិត។ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំជាមួយពួកគេ ដោយហាមឃាត់មិនអោយប្រព្រឹត្តបន្តទៀត។
បច្ចុប្បន្ន អាណាព្យាបាលត្រូវបានអញ្ជើញមកយកក្មេងទាំងពីរទៅអប់រំបន្ត រីឯម៉ូតូដែលប្រើសម្រាប់ធ្វើសកម្មភាពបង្ហោះ ត្រូវបានដកហូត និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ រយៈពេល ០៣ខែ ទើបប្រគល់ជូនវិញ។
ដោយ៖ សុថាន
