ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការអំពាវនាវយ៉ាងទាន់ហេតុការណ៍ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយបន្ទាត់ព្រំដែន កុំឱ្យឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដោយសារនៅកម្ពុជាមានឱកាសការងារជាង ៨ម៉ឺនកន្លែងកំពុងរង់ចាំ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងក្លាកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដោយអំពាវនាវថា៖ «ខ្ញុំសូមអំពាវនាវដោយទទូច សូមបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដែលអាចប្រឈមនឹងបញ្ហានានា នាំឱ្យខាតពេល និងថវិកា។ គួរតែស្វែងរកការងារក្នុងស្រុកវិញល្អជាង ព្រោះបច្ចុប្បន្ននេះ នៅកម្ពុជាមានឱកាសការងារដ៏ច្រើនសម្បូរបែប»។
លោកបានពន្យល់បន្ថែមថា ការងារក្នុងស្រុកមិនត្រឹមតែផ្តល់ប្រាក់ឈ្នួលសមរម្យប៉ុណ្ណោះទេ ថែមទាំងមានការការពារពីរបបសន្តិសុខសង្គម និងអត្ថប្រយោជន៍ជាតិផ្សេងៗទៀត។ លើសពីនេះ ការចំណាយប្រចាំថ្ងៃនៅកម្ពុជាក៏តិចជាងនៅប្រទេសថៃដែរ ដែលជួយសន្សំសំចៃបានច្រើន។

ក្រសួងការងារនឹងរៀបចំពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្ដាលវិជ្ជាជីវៈនៅស្រុកចំនួនពីរក្នុងខេត្តសៀមរាប គឺស្រុកសូទ្រនិគម និងស្រុកពួក នៅថ្ងៃទី៦ និងទី៧ ខែធ្នូ ខាងមុខនេះ។ ពិព័រណ៍នេះគឺជាឱកាសល្អសម្រាប់ពលរដ្ឋខ្មែរ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ។
សម្រាប់បងប្អូនដែលមានបំណងស្វែងរកការងារ អាចទាក់ទងទៅកាន់លេខទូរសព្ទ ១២៩៧ ដែលមន្ត្រីក្រសួងរង់ចាំទទួលការទាក់ទង ៧ថ្ងៃក្នុងមួយសប្តាហ៍។ លើសពីនេះ បងប្អូនក៏មានឱកាសទទួលបានការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃផងដែរ៕
