ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាក្រុងបាវិត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៥) នាព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០២៥។

ពិធីដ៏វិសេសវិសាលនេះ បានប្រារព្ធឡើងនៅទីស្នាក់ការគណបក្សសង្កាត់បាវិត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ សមាជិក សមាជិកាគណៈកម្មាធិការរណសិរ្សក្រុង និងសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងបាវិត។

លោក លឹម សៀងហេង បានថ្លែងក្នុងឱកាសនេះថា៖ “រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។”

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា។ រណសិរ្សនេះបានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។

លោកអភិបាលក្រុងបាវិតបានពន្យល់បន្ថែមថា៖ “ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក។”

“មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ។ នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ។”

ពិធីនេះបានបញ្ចប់ដោយជោគជ័យ និងបានបង្ហាញពីស្មារតីសាមគ្គីភាព និងការចងចាំដល់ប្រវត្តិសាស្រ្តដ៏សំខាន់នៃប្រទេសជាតិ។

ដោយ៖ សុថាន
