ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងព្រមានអំពីស្ថានភាពអាកាសធាតុដែលនឹងកើតឡើងនៅកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។

ស្ថានភាពនេះកើតឡើងដោយសារសម្ពាធទាបនៅសមុទ្រចិនខាងត្បូង ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងទឹកសមុទ្រអានដាមម៉ែន។
សម្រាប់តំបន់វាលទំនាប៖ សីតុណ្ហភាពនឹងមានពី២០°C ដល់២៩°C ដោយមានខ្យល់បក់ពីទិសឦសាន និងបូព៌ ល្បឿនមធ្យម៥ម៉ែត្រវិនាទី។ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់រហូតដល់១៥%។

សម្រាប់តំបន់ខ្ពង់រាប៖ សីតុណ្ហភាពពី២១°C ដល់២៩°C ខ្យល់ល្បឿនមធ្យម៣ម៉ែត្រវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវ៉ាញ អាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្តប់១០%។
សម្រាប់តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពពី២០°C ដល់៣០°C ខ្យល់ល្បឿនមធ្យម៥ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្តប់១០%។ រលកសមុទ្រមានកម្ពស់ពី០,៥០ម៉ែត្រ ដល់១,៥០ម៉ែត្រ។

ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន និងធ្វើការតាមដានព័ត៌មានអាកាសធាតុពីប្រភពផ្លូវការជានិច្ច។
