
(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ ដែលអះអាងថាមានករណីផ្ទុះមីននៅតំបន់ហួយតាម៉ារៀ។ ការចោទប្រកាន់នេះត្រូវបានកម្ពុជាចាត់ទុកថាជាការបង្កើតរឿងក្លែងក្លាយ ដើម្បីបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងមហិច្ឆតារំលោភបំពានខុសច្បាប់ចូលមកដែនអធិបតេយ្យ។

លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «កាលពីថ្ងៃទី២ ធ្នូ ម៉ោង ១៤:២០ គឺពុំមានឮសម្លេងផ្ទុះគ្រាប់មីនឡើយ។ ការអះអាងរបស់ភាគីថៃគឺជាព័ត៌មានមិនពិត និងមានគោលបំណងបំភ័ន្តអន្តរជាតិ។»
ក្រសួងការពារជាតិបានជំរុញឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវការយកបញ្ហាមីនដែលជាព័ត៌មានមិនពិត ដើម្បីធ្វើជាលេសរំលោភបំពានមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ កម្ពុជាបានបញ្ជាក់ថា ប្រទេសនេះតែងតែប្រកាន់ខ្ជាប់គោលការណ៍អនុសញ្ញាអូតាវ៉ា ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខមនុស្សជាតិ។

ក្រសួងការពារជាតិបន្តប្តេជ្ញាគោរពសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ តុលា ២០២៥ ជាពិសេសការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដើម្បីបង្កើតបរិយាកាសអំណោយផលដល់សន្តិភាពព្រំដែន។
