(បាងកក)៖ អាជ្ញាធរជលសាស្ត្រថៃបានចេញការព្រមានជាបន្ទាន់ទៅកាន់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេចៅព្រះយ៉ា (Chao Phraya) ឱ្យត្រៀមខ្លួនសម្រាប់ជំនោរទឹកខ្ពស់ដែលនឹងកើតឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែធ្នូនេះ។

យោងតាមការបញ្ជាក់ពីនាយកដ្ឋានជលសាស្ត្រកងទ័ពជើងទឹកថៃ កម្រិតទឹកនៅក្នុងទន្លេនឹងកើនឡើងខ្លាំង ដោយអាចឡើងដល់ ២.០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ កម្រិតទឹកខ្ពស់បំផុតត្រូវបានគេរំពឹងថានឹងកើតឡើងនៅចន្លោះម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២:០០រសៀល។
អាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងតំបន់ក្បែរកំពង់ផែជូឡាជំខ្លាក្លា (Chulachomklao) និងស្រុកជុំវិញ ឱ្យតាមដានស្ថានភាពទឹកយ៉ាងដិតដល់ និងត្រៀមខ្លួនប្រកាន់យកវិធានការបង្ការផលប៉ះពាល់ដែលអាចកើតមាន។
ការព្រមាននេះបានចេញឡើងបន្ទាប់ពីការសង្កេតឃើញពីប្រព័ន្ធតាមដានជលសាស្ត្រ ដែលបង្ហាញពីសក្ដានុពលនៃជំនោរទឹកខ្ពស់ដែលអាចបង្កគ្រោះថ្នាក់ដល់ការរស់នៅ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
