ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី បានជួបពិភាក្សាជាមួយឯកអគ្គរាជទូតអូស្ត្រាលីទទួលបន្ទុកសមភាពយេនឌ័រ លោកជំទាវ Michelle O’Byrne កាលពីថ្ងៃទី១ ធ្នូ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។

ក្នុងកិច្ចប្រជុំនេះ លោកជំទាវកិត្តិបណ្ឌិតបានបង្ហាញថា អត្រាប្រេវ៉ាឡង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័របានធ្លាក់ចុះពី ២៩% នៅឆ្នាំ២០១៤ មកដល់ ២១% នៅឆ្នាំ២០២២ ដែលជាការថយចុះ ៨% ក្នុងរយៈពេល ៨ឆ្នាំ។
លោកជំទាវបានលើកឡើងថា ការធ្លាក់ចុះនេះកើតឡើងដោយសារការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ តាមរយៈការផ្ដល់សេវាកម្មពហុវិស័យ កិច្ចការពារផ្លូវច្បាប់ និងការបណ្តុះបណ្តាលដល់នគរបាលយុត្តិធម៌។

លោកជំទាវក៏បានលើកឡើងពីបញ្ហាថ្មីមួយគឺអំពើហិង្សាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទៅលើស្ត្រី និងក្មេងស្រី ដែលជាទម្រង់ថ្មីនៃអំពើហិង្សាក្នុងយុគសម័យឌីជីថល។
ក្រសួងកិច្ចការនារីកំពុងរៀបចំកម្មវិធីលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់ និងនឹងសម្ពោធមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រីនៅថ្ងៃទី៣ ធ្នូ ខាងមុខនេះ។

លោកជំទាវ Michelle O’Byrne បានបង្ហាញចំណាប់អារម្មណ៍ និងគាំទ្រការលើកឡើងរបស់លោកជំទាវកិត្តិបណ្ឌិត ព្រមទាំងចែករំលែកបទពិសោធន៍ពីប្រទេសអូស្ត្រាលីក្នុងការឆ្លើយតបនឹងបញ្ហាអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

កម្ពុជាបានសម្ពោធជាផ្លូវការនូវរបាយការណ៍ស្តីពីការវិភាគស្ថានភាពស្ត្រី សន្តិភាព និងសន្តិសុខ ហើយគ្រោងនឹងបង្កើតផែនការសកម្មភាពស្តីពីស្ត្រី សន្តិភាព និងសន្តិសុខនៅឆ្នាំ២០២៦។

ប្រភព៖ ក្រសួងព័ត៌មាន
