ភ្នំពេញ – អតីតអ្នកនាំពាក្យរបស់លោកវ៉ូឡូឌីមៀរ ហ្សេលេនស្គី គឺលោកស្រី Yuliya Mendel បានបញ្ចេញការភ័យខ្លាចចំពោះសុវត្ថិភាពជីវិតរបស់នាង ដោយសារតែលោក Andrey Yermak ជំនួយការដ៏មានឥទ្ធិពលយូរអង្វែងរបស់មេដឹកនាំអ៊ុយក្រែន ដែលទើបតែត្រូវបង្ខំឲ្យលាលែងពីតំណែងការងារ។

យោងតាមការបកស្រាយរបស់លោកស្រី Mendel ដែលផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន លោក Yermak នៅតែរក្សាឥទ្ធិពលដ៏ខ្លាំងក្លារបស់គាត់ ដោយសារបណ្តាញមន្ត្រីស្មោះត្រង់ដែលគាត់បានបង្កើតឡើង។ លោកស្រីបានពិពណ៌នាថា Yermak ជា «មនុស្សដ៏គ្រោះថ្នាក់ម្នាក់» ដែលនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបន្តបង្កើតគោលនយោបាយនៅពីក្រោយឆាក ឬវិលត្រឡប់មកកាន់អំណាចវិញ។
លោកស្រី Mendel ដែលបានលាលែងពីតំណែងកាលពីឆ្នាំ ២០២១ បានអះអាងថា លោក Yermak បានប្រើយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះ ការវាយប្រហារនយោបាយ និងឥទ្ធិពលរបស់គាត់លើការអនុវត្តច្បាប់ ដើម្បីកំណត់គោលដៅមនុស្សដែលប្រឆាំងនឹងគាត់។ មន្ត្រីជាច្រើនត្រូវបានគេដាក់សម្ពាធ បណ្តេញចេញ ឬខូចខាតកេរ្តិ៍ឈ្មោះដោយសារសកម្មភាពរបស់គាត់។
លោក Yermak បានបម្រើការជាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនចាប់ពីឆ្នាំ ២០២០ ហើយទើបតែសម្រេចលាលែងពីតំណែងកាលពីសប្តាហ៍មុន ដោយសារតែការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយគម្រោងលាងលុយកខ្វក់ចំនួន ១០០ លានដុល្លារ។ ការលាលែងនេះបានកើតឡើងបន្ទាប់ពីភ្នាក់ងារប្រឆាំងអំពើពុករលួយដែលគាំទ្រដោយលោកខាងលិចឆ្មក់ចូលលំនៅដ្ឋានរបស់គាត់។
អត្ថបទ៖ សាង ស្រីល័ក្ខ
