(រាជធានីភ្នំពេញ)៖ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៥ ខេត្តហ្វ៊ូជៀនប្រទេសចិនបាននាំទំនិញចូលមកកម្ពុជាកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ ដោយមានតម្លៃជាង ៦ពាន់លានយន់ កើនឡើង ២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

ព័ត៌មាននេះត្រូវបានបង្ហាញក្នុងជំនួបសម្ដែងការគួរសមរវាងឯកឧត្តម ឃួង ស្រេង អភិបាលគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ហ្វាង ឈុន ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ជនជាតិចិននៅបរទេស នៃសភាប្រជាជនខេត្តហ្វ៊ូជៀន។
ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សាពីការពង្រឹងសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ ដោយមានគោលបំណងបង្កើតការិយាល័យពាណិជ្ជកម្មរួមមួយនៅរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីសក្ដានុពលរបស់រាជធានីភ្នំពេញក្នុងការទាក់ទាញវិនិយោគ៖ “រាជធានីភ្នំពេញមានកម្លាំងពលកម្មច្រើន និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកំពុងអភិវឌ្ឍ។ យើងមានប្រជាពលរដ្ឋអាយុក្រោម៣៥ឆ្នាំជាង៦០% ដែលជាកម្លាំងពលកម្មសំខាន់។”
ឯកឧត្តម ហ្វាង ឈុន បានបង្ហាញពីសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តហ្វ៊ូជៀន ដែលមាន GDP សរុប ៥.៧ទ្រីលានយន់ និងជាខេត្តដែលលោកប្រធានាធិបតីចិន ស៊ី ជិនពីង ធ្លាប់ធ្វើជាថ្នាក់ដឹកនាំ។

បច្ចុប្បន្ន មានក្រុមហ៊ុនជាង ១០០ក្រុមពីខេត្តហ្វ៊ូជៀនកំពុងធ្វើអាជីវកម្មនៅកម្ពុជា។ ការបង្កើតការិយាល័យពាណិជ្ជកម្មរួមនឹងជួយជំរុញការវិនិយោគបន្ថែម និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងទីក្រុងទាំងពីរ។

គួរកត់សម្គាល់ថា ខេត្តហ្វ៊ូជៀនជាខេត្តផលិតនិងនាំចេញរថយន្តអគ្គិសនីចំណាត់ថ្នាក់ខ្ពស់នៅប្រទេសចិន ដែលបង្ហាញពីសក្ដានុពលខ្ពស់ក្នុងការផ្គត់ផ្គង់ទំនិញគុណភាពខ្ពស់ទៅកាន់ទីផ្សារកម្ពុជា។

ការកើនឡើងនៃបរិមាណទំនិញនាំចូលនេះបង្ហាញពីការរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន និងសក្ដានុពលក្នុងការពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ចនាពេលអនាគត។
ប្រភព៖ ក្រសួងព័ត៌មាន
