ព្រមាន! គ្មានធនាគារណាមួយទទួលបានការអនុញ្ញាតផ្តល់សេវាទាក់ទងនឹងគ្រីបតូនៅកម្ពុជា

ព្រមាន! គ្មានធនាគារណាមួយទទួលបានការអនុញ្ញាតផ្តល់សេវាទាក់ទងនឹងគ្រីបតូនៅកម្ពុជា

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីប្រកាសថ្មី ដោយបញ្ជាក់យ៉ាងច្បាស់ថា គ្មានគ្រឹះស្ថានធនាគារ ឬហិរញ្ញវត្ថុណាមួយទទួលបានការអនុញ្ញាតផ្តល់សេវាទាក់ទងនឹងទ្រព្យសកម្មគ្រីបតូនៅកម្ពុជានៅឡើយទេ។

ធនាគារជាតិនៃកម្ពុជា

ការប្រកាសនេះធ្វើឡើងក្រោយពី NBC សង្កេតឃើញមានការចរាចរ ទិញលក់ និងទូទាត់ទ្រព្យសកម្មគ្រីបតូ ដែលផ្ទុយនឹងបទប្បញ្ញត្តិរបស់ធនាគារ។ សកម្មភាពទាំងនេះអាចបង្កហានិភ័យដល់ប្រព័ន្ធធនាគារ និងសាធារណជន។

NBC បានធ្វើការក្រើនរំលឹកដល់សាធារណជន និងគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះប្រតិបត្តិការទាក់ទងនឹងគ្រីបតូ។ ធនាគារបានជំរុញឱ្យបន្តអនុវត្តតាមបទប្បញ្ញត្តិ និងសេចក្តីថ្លែងការណ៍រួមរបស់ NBC គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងពេលជាមួយគ្នា ធនាគារជាតិក៏បានបញ្ជាក់អំពីករណីគ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ដែលត្រូវបានដកហូតអាជ្ញាប័ណ្ណ និងបានបំពេញនីតិវិធីរំលាយគ្រឹះស្ថានរួចរាល់។ រាល់កាតព្វកិច្ចទូទាត់ជូនម្ចាស់បំណុលត្រូវបានបំពេញចប់ស្របតាមច្បាប់។

សេចក្តីប្រកាសនេះត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដោយអង្គភាពព័ត៌មាន Fresh News។

administrator

Related Articles