ថៃបន្តឃុំខ្លួនយោធិនខ្មែរ១៨រូប អស់រយៈពេល១២៧ថ្ងៃ រដ្ឋាភិបាលខ្មែរបន្តខិតខំទាមទារការដោះលែង

ថៃបន្តឃុំខ្លួនយោធិនខ្មែរ១៨រូប អស់រយៈពេល១២៧ថ្ងៃ រដ្ឋាភិបាលខ្មែរបន្តខិតខំទាមទារការដោះលែង

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការសាកសួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនជាច្រើន ស្តីអំពីស្ថានភាពយោធិនខ្មែរចំនួន១៨រូប ដែលប្រទេសថៃកំពុងបន្តឃុំឃាំងខ្លួន។

យោធិនខ្មែរ

អស់រយៈពេល១២៧ថ្ងៃហើយ គិតចាប់តាំងពីពេលយោធិនទាំង១៨រូបត្រូវបានចាប់ខ្លួនដោយខុសច្បាប់ កាលពីថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២៥។ រយៈពេលដូចគ្នានេះដែរ គឺអស់រយៈពេល១២៧ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីជំរុញយុទ្ធនាការទាមទារការដោះលែងយោធិនរបស់យើងទាំងអស់នេះ តាមគ្រប់មធ្យោបាយការទូតដែលអាចធ្វើទៅបាន។

ការទាមទារការដោះលែង

ការខិតខំនេះរួមបញ្ចូលទាំងការទាក់ទងផ្ទាល់ជាមួយប្រទេសថៃ ការពិគ្រោះយោបល់ជាមួយមេដឹកនាំក្នុងតំបន់ និងអន្តរជាតិ និងការសម្របសម្រួលជាមួយអង្គការអន្តរជាតិដែលពាក់ព័ន្ធ។

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលរាជរដ្ឋាភិបាលបានបន្តទាក់ទងធ្វើការជាមួយយ៉ាងជិតស្និទ្ធតាំងពីដំបូងមក បានផ្តល់ការគាំទ្រតាមតួនាទីរបស់ខ្លួន ក្នុងការធានាឱ្យយោធិនរបស់យើងដែលកំពុងស្ថិតក្នុងការឃុំខ្លួន បានទទួលនូវការគោរពសិទ្ធស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ។

ការគាំទ្រពី ICRC

ក្រុមគ្រួសារទាំងអស់គ្នាក៏បានទទួលដំណឹងអំពីសុខទុក្ខរបស់ពួកគេជាប់ជាប្រចាំ។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រការធ្វើមាតុភូមិនិវត្តន៍យោធិនទាំងអស់ផងដែរ។

រដ្ឋាភិបាលកម្ពុជាបន្តផ្តល់អាទិភាពខ្ពស់បំផុត ដល់ការជំរុញការដោះលែងយោធិនទាំង១៨រូបរបស់យើង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ អង្គការអន្តរជាតិ ក្រុមសង្គមស៊ីវិល និងគ្រប់បុគ្គលទាំងអស់ ដែលបាននៅឈរជាមួយយើងក្នុងការអំពាវនាវឱ្យមានការដោះលែងយោធិនទាំង១៨រូប ដោយគ្មានបង្អែរបង្អង់ និងគ្មានលក្ខខណ្ឌ។

ដោយ៖ តារា

administrator

Related Articles